Wednesday, September 24, 2025
Homeព័ត៌មានជាតិក្មួយនិងនាយប៉ុស្តិ៍ ចាប់ខ្លួន នៅតែកូនឧកញ៉ាជឹម សុខ កំពុងរត់គេច ករណីបាញ់ស្លាប់មនុស្សម្នាក់

ក្មួយនិងនាយប៉ុស្តិ៍ ចាប់ខ្លួន នៅតែកូនឧកញ៉ាជឹម សុខ កំពុងរត់គេច ករណីបាញ់ស្លាប់មនុស្សម្នាក់

ខេត្តព្រៃវែង ៖ កាលពី វេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ មានការណីបាញ់បោះមួយបានកើតឡើង ដោយមន្ត្រីនគរបាលជាកូនលោកឧកញ៉ា ជឹម សុខ រួមនឹងបក្ខពួក២នាក់ទៀត ដេញស្ទាក់បាញ់សម្លាប់បុរស២នាក់ ទាំងកណ្តាលរាត្រី បណ្តាលឱ្យស្លាប់ម្នាក់ របួសម្នាក់ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ដោយចោទប្រកាន់ កាលពីម៉ោង៨យប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ខ្លួនជនដៃដល់បាន២នាក់ហើយ ខណៈដែលកូនលោកឧញ៉ា ជឹម សុខ កំពុងរត់គេចខ្លួន។

ខ្មាន់កាំភ្លើង២នាក់ ដែលកំពុងឃាត់ខ្លួន ទី១-ឈ្មោះជា ឡាឌីន ជានាយប៉ុស្តិ៍កំពង់សឹងនៃអធិការដ្ឋាន នគរបាលស្រុកព្រះស្តេច និងទី២-ឈ្មោះជឹម វិន ជាមន្ត្រីនគរបាលប៉ុស្តិ៍កំពង់សឹង្ហ និងត្រូវជាក្មួយលោកឧកញ៉ា ជឹម សុខ។ ដោយឡែក កូនប្រុសលោកឧកញ៉ា ជឹម សុខ ឈ្មោះជឹម រតនៈ មានតួនាទីជាប្រធានផ្នែកអន្តោប្រវេសន៍ស្រុកព្រះស្តេច បានរត់គេច។

ចំណែកជនរងគ្រោះ ទី១. ឈ្មោះម៉ន រ៉ាវុធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងម៉ៅការសំណង់ មានស្រុកកំណើតនៅឃុំឈើកាច់ ស្រុកបាភ្នំ បច្ចុប្បន្នស្នាក់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ស្លាប់)។ និងទី២. ឈ្មោះវ៉ាន ខេមរិន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ (រងរបួសស្រាល)។

ជុំវិញហេតុការណ៍នៃការផ្ទុះអាវុធដល់ទៅ៥គ្រាប់ខាងលើនេះ ខាងសមត្ថកិច្ចបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ មានឈ្មោះផាន់ សុឌី ភេទប្រុស មានស្រុកកំណើតនៅឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច បច្ចុប្បន្នជាជាងជួសជុលរថយន្តនៅរាជធានីភ្នំពេញ បានទូរស័ព្ទប្តឹងលោកមេប៉ុស្តិ៍រដ្ឋបាលឃុំកំពង់សឹង្ហ ថា រថយន្តរបស់ខ្លួនម៉ាកព្រូស ពាក់ស្លាកលេខ 2AF-2679 ត្រូវបានចោរលួច ហើយតាមការឆែកមើលតាមប្រព័ន្ធ GPS ឃើញថារថយន្តនោះ ត្រូវបានក្រុមចោរកំពុងបើកតាមផ្លូវជាតិលេខ១ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់តំបន់អ្នកលឿង ហើយពេលនេះរូបគេជាម្ចាស់រថយន្តកំពុងដេញតាមពីក្រោយ ដូច្នេះស្នើសុំឱ្យសមត្ថកិច្ចជួយស្ទាក់ចាប់ឱ្យផង។ បន្ទាប់ពីទទួលបានបណ្តឹងនេះភ្លាម លោកជា ឡាឌីន នាយប៉ុស្តិ៍នគរបាលឃុំកំពង់សឹង្ហ បានដឹកនាំកម្លាំងចំនួន២នាក់ទៀត សរុប៣នាក់ ចាំស្ទាក់នៅលើកំណាត់ផ្លូវជាតិលេខ១ រហូតដល់ម៉ោង៩យប់ ក៏ស្រាប់តែទទួលបានព័ត៌មានថា រថយន្តសង្ស័យបានបត់ចេញពីផ្លូវជាតិលេខ១ ត្រង់ចំណុចរង្វង់មូលអ្នកលឿង ឡើងតាមផ្លូវជាតិលេខ១១ ឆ្ពោះទៅទីរួមខេត្តព្រៃវែងវិញ ទើបលោកមេប៉ុស្តិ៍ទាក់ទងទៅខាងមន្ត្រីអាវុធហត្ថខេត្ត ឱ្យចេញជួយស្ទាក់នៅចំណុចផ្លូវកែងស្នេហ៍ រហូតដល់ម៉ោងជាង១០យប់ កម្លាំងអាវុធហត្ថខេត្ត ក៏ប្រទះឃើញរថយន្តសង្ស័យបត់ចេញពីចំណុចផ្លូវកែងស្នេហ៍ ឆ្ពោះទៅកាន់ទីរួមស្រុកបាភ្នំវិញ ទើបផ្តល់ព័ត៌មានឱ្យលោកមេប៉ុស្តិ៍ ជា ឡាឌីន ដាក់កម្លាំងស្ទាក់ចាំនៅចំណុចភូមិគោកសណ្តែក។

រហូតដល់ម៉ោង១១យប់ថ្ងៃដដែល ក៏ឃើញរថយន្តសង្ស័យមកដល់មែន ហើយលោកមេប៉ុស្តិ៍ និងកម្លាំងរបស់លោក បានដាក់បារ៉ាស់បិទផ្លូវ និងព្យាយាមឃាត់រថយន្តជនសង្ស័យឱ្យឈប់ដែរ តែរថយន្តជនសង្ស័យមិនព្រមឈប់ ហើយបានបើកបុកទម្លុះបារ៉ាស់សមត្ថកិច្ចទៀត ទើបមានការផ្ទុះអាវុធឡើង ដោយកម្លាំងរបស់លោកមេប៉ុស្តិ៍ បានបាញ់ចំនួន៥គ្រាប់ ទៅលើរថយន្តជនសង្ស័យ បណ្តាលឱ្យត្រូវជនសង្ស័យ ម៉ន រ៉ាវុធ ចំនួន៣គ្រាប់ ត្រង់ក្បាល ធ្វើឱ្យរថយន្តរេចង្កូតចេញពីផ្លូវធ្លាក់ទៅបុកគល់ឈើដែលនៅចិញ្ចើមថ្នល់ ពេញទំហឹង ទើបទៅមុខលែងរួច ហើយកម្លាំងសមត្ថកិច្ចក៏ចូលទៅក្រសោបចាប់ជនសង្ស័យតែម្តង។

យោងតាមប្រភពព័ត៌មានមួយផ្សេងទៀត បានឱ្យដឹងថា ករណីសមត្ថកិច្ចស្ទាក់បាញ់សម្លាប់ជនរងគ្រោះនេះ គឺជារឿងយល់ច្រឡំថា ជាចោរលួចរថយន្ត ទាំងដែលជនរងគ្រោះគ្នាគ្មានអាវុធក្នុងដៃ។ ហើយមូលហេតុគឺមកពីជនរងគ្រោះទិញរថយន្តបង់លុយមិនទាន់គ្រប់ ហើយម្ចាស់ដើម បានយករថយន្តនោះទៅជួលឱ្យជនជាតិចិន។ ធ្វើឱ្យអ្នកទិញខឹង បានស្កាត់ទៅយករថយន្ត ពីជនជាតិចិនទាំងទទឹងទិស រួចបើកគេចមកស្រុកកំណើត។ ស្រាប់តែម្ចាស់ដើម ស្រាវជ្រាវតាម GPS ដេញពីក្រោយ ប្តឹងសមត្ថកិច្ចដោយបំភ័ន្តថាចោរៗ ទើបសមត្ថកិច្ចស្ទាក់បាញ់សម្លាប់ អ្នកទិញរថយន្តតែម្តង ព្រោះស្មានថា ចោរលួចរថយន្តដូចពាក្យបណ្តឹង។

ម្ដាយជនរងគ្រោះបានប្រាប់ថា កូនរបស់គាត់ ឈ្មោះម៉ន រ៉ាវុធ បានទិញរថយន្ត១គ្រឿង ម៉ាកព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AF-2679 ដោយបង់រំលស់ នៅខ្វះលុយ ៣,០០០ដុល្លារទៀត។ ហើយម្ចាស់រថយន្ត ឈ្មោះផាន់ សុឌី ភេទប្រុស នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្តជាជាងជួសជុលឡាននៅភ្នំពេញ បានជួលរថយន្តនោះឲ្យទៅជនជាតិចិន។ ក្រោយមក កូណរបស់គាត់ដឹងថា រថយន្តខ្លួនត្រូវម្ចាស់ដើមយកទៅជួលឲ្យចិន ទើបកូនរបស់គាត់ស្កាត់ទៅយករថយន្តនោះ ពីជនជាតិចិនរួចបើកពីភ្នំពេញ រត់គេចមកផ្ទះជាមួយឈ្មោះ វ៉ាន​ ខេមរិន ។ ពេលនោះ ម្ចាស់រថយន្តគិតថា កូនរបស់គាត់មិនទាន់ឲ្យលុយគ្រប់ផង ហើយបើកឡានចេញមកផ្ទះបែបនេះ ម្ចាស់រថយន្តស្រាវជ្រាវតាម GPS រួចបើកឡានតាមពីក្រោយ និងទូរស័ព្ទប្ដឹងសមត្ថកិច្ច ដោយបំភ្លៃថា ចោរលួចរថយន្តទៅវិញ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរខ្មាន់កាំភ្លើងទាំង២នាក់ ដើម្បីបញ្ជាក់ពីដើមហេតុឱ្យបានច្បាស់លាស់ និងដើម្បីផ្តល់យុត្តិធម៌ជូនភាគីរងគ្រោះពិតប្រាកដ៕

RELATED ARTICLES