Wednesday, September 24, 2025
Homeព័ត៌មានជាតិកូនស្រីរត់ទាំងស្លន់ស្លោ ហៅគ្រួសារចូលព្រៃ ព្រោះមានរឿងនេះ

កូនស្រីរត់ទាំងស្លន់ស្លោ ហៅគ្រួសារចូលព្រៃ ព្រោះមានរឿងនេះ

ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ ហេតុតែចង់បានជម្រកស្នាក់នៅសមរម្យនឹងគេ ក៏បានចូលព្រៃទៅកាប់ឈើ បំណងយកមកធ្វើផ្ទះ ស្រាប់តែអកុសល ពេលកាប់ផ្តួលដើមឈើ១ដើមធំរួចហើយ ក៏បានបាក់ទៅសង្កត់ដើមឈើ១ដើមផ្សេងទៀត ធ្វើឱ្យបាក់មែកសង្កត់ចំក្បាលជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងគួរឱ្យសង្វេគ។

ករណីកាប់ឈើធ្វើផ្ទះ បែរជាបាក់មែកសង្កត់បែកក្បាលស្លាប់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចអូរគុម ស្ថិតក្នុងភូមិវ៉ើនសៀន ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់។

បុរសរងគ្រោះដែលត្រូវមែកឈើបាក់សង្កត់បែកក្បាលស្លាប់ មានឈ្មោះសូម ខែម អាយុ៣៧ឆ្នាំ មានលំនៅភូមិកោះភ្នៅ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះឈ្មោះសូម ខែម បាននាំកូនស្រីម្នាក់ឈ្មោះខែម បូថង អាយុ១២ឆ្នាំ ទៅកាប់ឈើនៅក្នុងព្រៃចំណុចទីតាំងកើតហេតុ បំណងយកមកអារធ្វើគ្រឿងផ្ទះ សាងសង់ផ្ទះនៅឱ្យបានសមរមនឹងគេ។ លុះចូលទៅដល់ ជនរងគ្រោះក៏បានកាប់ដើមឈើ១ដើមធំ រហូតដល់ដួលរលំ ស្រាប់តែរំពេចនោះ ដើមឈើនោះបានបាក់សង្កត់ទៅលើដើមឈើ ១ដើមផ្សេងទៀតជាប់នោះ និងធ្វើឱ្យបាក់មែក មកសង្កត់ពីលើជនរងគ្រោះចំក្បាល បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។

ប្រភពដដែលបន្តថា នៅពេលឃើញឪពុកត្រូវឈើបាក់សង្កត់ស្លាប់បែបនេះ កូនស្រីមិនអាចជួយអ្វីបាន ក៏ប្រញាប់រត់ទាំងត្រហេបត្រហបមកក្នុងភូមិវិញ រួចស្រែកឆោឡោប្រាប់ក្រុមគ្រួសារ និងអ្នកភូមិឱ្យទៅជួយឪពុកនៅក្នុងព្រៃផង ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង ប្រញាប់ទៅដល់ទីតាំងកើតហេតុ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចផងដែរ។

ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចស្រុក និងកំលាំងប៉ុស្តិ៍ ព្រមទាំងអាជ្ញាធរភូមិឃុំ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារមែកឈើបាក់សង្កត់លើប្រាកដមែន។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES