Wednesday, September 24, 2025
Homeព័ត៌មានជាតិរឿងតិចតួចសោះ ចរចាគ្នាមិនបាន ទាល់តែ២នាក់ជាប់ខ្នោះ

រឿងតិចតួចសោះ ចរចាគ្នាមិនបាន ទាល់តែ២នាក់ជាប់ខ្នោះ

ខេត្តកណ្តាល ៖ បុរសម្នាក់ទើបនឹងត្រឡប់មកពីលើកមងឯបឹង ក៏ដើរលីច្រវាត្រឡប់មកផ្ទះវិញ គាប់ជួនដោយមិនបានប្រុងប្រយ័ត្ន ក៏ធ្វើឱ្យច្រវាប៉ះចំក្បាលបុរសម្នាក់ដែលរស់នៅភូមិជាមួយគ្នា ទើបធ្វើឱ្យបុរសនោះខឹងក៏ទាញដុំដីគប់បែកក្បាល រួចក៏កើតជាការប្រតាយប្រតប់គ្នា បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះម៉ុន ចំរើន ភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម។

ជនរងគ្រោះ មានឈ្មោះផាន ឡូត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម (របួសក្បាលផ្នែកខាងឆ្វេង ដេរ៣ថ្នេរ)។ ចំណែកជនដៃដល់មានគ្នា២នាក់ រួមមាន ទី១-ឈ្មោះចាប សុខុន អាយុ៣៥ឆ្នាំ មុខរបរកសិករ និងទី២-ឈ្មោះយ៉ាម រ៉ុង អាយុ២៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម។ វត្ថុតាងចាប់យក ច្រវាទូក១ ប្រវែង២,២០ម៉ែត្រ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរលីច្រវាទូក ត្រឡប់មកពីមើលមងនៅបឹងខាងក្រោយភូមិ លុះមកដល់ចំណុចផ្ទះឈ្មោះម៉ុន ចំរើន ក៏បានជួបជាមួយឈ្មោះចាប សុខុន ដែលកំពុងមើលឪពុកចាក់ដីភូមិផ្ទះ ពេលនោះក៏បានធ្វើឱ្យច្រវារេទៅប៉ះក្បាលឈ្មោះចាប សុខុន ចំថ្ងាស ហើយឈ្មោះចាប សុខុន បានយកដុំដីគប់ត្រូវក្បាលជនរងគ្រោះផ្នែកខាងឆ្វេង។ បន្ទាប់មក ឈ្មោះយ៉ាម រ៉ុង ក៏ស្ទុះចូលទៅប្រតាយប្រតប់ចាប់យកច្រវាពីជនរងគ្រោះ និងមានបងប្អូនឃាត់បំបែកចេញរៀងខ្លួន។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅកាន់មណ្ឌលសុខភាពកោះរះ លាងរបួសនិងដេរចំនួន៣ថ្នេរ។ ចំណែកជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកក្មេង ចុះឃាត់ខ្លួន នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុក និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES