ខេត្តក្រចេះ ៖ ភ្លៀងកក់ខែមួយមេធំ លាយឡំដោយខ្យល់កន្ត្រាក់ ព្រមទាំងផ្គរន្ទះផងនោះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅក្នុងភូមិសាស្ត្រស្រុកសំបូរ ដែលបង្កឡើងជាមហន្តរាយធ្ងន់ធ្ងរ ធ្វើឱ្យផ្ទះសម្បែងប្រជាពលរដ្ឋរាប់សិបខ្នងត្រូវខូចខាត និងថែមទាំងបង្កឱ្យយុវជន២នាក់ បានបាត់បង់ជីវិត ដោយសារតែរន្ទះបាញ់ខែប្រាំងនេះទៀតផង។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា កាលពីវេលាព្រលប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ បាតុភូតគ្រោះធម្មជាតិមួយបានកើតឡើង ដោយមានភ្លៀងកក់ខែ១មេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បានបោកបក់វាយប្រហារទៅលើផ្ទះឈើតូចធំរបស់ពលរដ្ឋនៅតាមឃុំចំនួន២ឃុំ គឺឃុំរលួស និងឃុំក្បាលដំរី ស្រុកសំបូរ សរុបចំនួន៣៣ផ្ទះ ត្រូវរងការខូចខាតដោយសារអំណាចខ្យល់កន្ត្រាក់ដែលវាយបោកបក់ខ្លាំង ក្នុងនោះ មាន២៦ផ្ទះ រងគ្រោះស្រាល ក្រៅពីនោះគឺត្រូវបាក់រលំប៉ើងដំបូល និងខ្លះត្រូវដួលបាក់ទ្រេតរាបដល់ដី។

សេចក្តីរាយការណ៍ដដែល បានបន្តថា ក្រៅពីបានបង្កឱ្យមានការខូចខាតដល់លំនៅដ្ឋានរបស់អ្នកស្រុកសំបូរ អំណាចបាតុភូតគ្រោះធម្មជាតិ ផ្គររន្ទះ ក៏បានបាញ់សម្លាប់បុរសពីរនាក់នៅស្រុកស្នួល បណ្តាលឱ្យស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលបន្តបន្ទាប់គ្នា នៅថ្ងៃដដែលនោះផងដែរ។
ជនរងគ្រោះទាំង២នាក់ ដែលត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម រួមមាន ទី១-ឈ្មោះទ្រី ភ័ក្ក្រ អាយុ២៦ឆ្នាំ មានលំនៅក្នុងភូមិ គ្រញូងសែនជ័យ ឃុំគ្រញូង ស្រុកស្នួល (ត្រូវរន្ទះបាញ់ស្លាប់ ខណៈដែលជនរងគ្រោះកំពុងតែស្នាក់នៅក្នុងផ្ទះចម្ការពេលមេឃកំពុងភ្លៀងខ្លាំង)។ និងទី២-ឈ្មោះជ្រីន កូមីន អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិគ្រង ឃុំស្នួល ស្រុកស្នួល (ត្រូវរន្ទះបាញ់ស្លាប់ ខណៈដែលជនរងគ្រោះកំពុងតែឈរផឹកទឹកនៅខាងក្រោមផ្ទះ ក្រោយហូបបាយល្ងាចរួច)។

មានការកត់សម្គាល់ឃើញថា ជារៀងរាល់ឆ្នាំបាតុភូតគ្រោះធម្មជាតិ គឺតែងតែបង្កឱ្យមានគ្រោះមហន្តរាយធ្ងន់ធ្ងរដល់ពលរដ្ឋ គួរឱ្យព្រួយបារម្ភ ដូចជាករណីខ្យល់កន្ត្រាក់ និងគ្រោះរន្ទះបាញ់។ ស្រុកចំនួន៥ និងក្រុង១ នៅក្នុងខេត្តក្រចេះ គឺត្រូវទទួលរងគ្រោះធម្មជាតិដូចៗគ្នា ជារៀលរាល់ឆ្នាំ ដោយគ្រាន់តែខ្លះត្រូវប៉ះពាល់ធ្ងន់ធ្ងរ ឬក៏តិចតួចតែប៉ុណ្ណោះ៕