ខេត្តកណ្តាល ៖ យុវជនជាជាងភ្លើងប្រចាំរោងចក្រ រោងចក្រខោខូវប៊យ AMK ឃើញអំពូលភ្លើងអត់ភ្លឺ ក៏ដាក់កៅអី ឡើងទៅបង្វិលអំពូល ស្រាប់តែអុសល រអិលជើងទៅប៉ះនឹងតំណរខ្សែភ្លើង បណ្តាលឱ្យឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបរិវេណរោងចក្រខោខូវប៊យ AMK មានទីតាំងស្ថិតនៅក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង។

យុវជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះពៅ រតនា អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ផ្នែកខាងជាងភ្លើង មានលំនៅក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង។

តាមប្រភពពីនគរបាលស្រុកស្អាង បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ដែលជាជាងភ្លើងប្រចាំរោងចក្រ បានចូលធ្វើការ ដូចសព្វដង និងបានដើរមើលអំពូលភ្លើងក្នុងរោងចក្រ លុះឃើញអំពូលមួយមិនភ្លឺ ក៏បានដាក់កៅអី ឡើងទៅបង្វិលអំពូលភ្លើងនោះ ស្រាប់តែអកុសល រអិលជើងពីកៅអី ទៅប៉ះនឹងតំណរខ្សែភ្លើងបណ្តាលឱ្យឆក់តែម្តង។ ភ្លាមៗនោះ ខាងតំណាងរោងចក្រ បានដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅដែរ តែពេលដល់ពេទ្យ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបដឹកបញ្ជូនសពត្រឡប់មកផ្ទះវិញ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយទទួលព័ត៌មានខាងលើ កម្លាំងជំនាញពិនិត្យហេតុស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ ពេទ្យ បានពិនិត្យសាកសព ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។ តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

