Wednesday, September 24, 2025
Homeព័ត៌មានជាតិស្រែកដេញ "កុំមករោទិ៍ម៉ូតូនៅមុខផ្ទះអញ ថ្លង់ណាស់..." រងរបួសដាច់ដៃម្ខាង

ស្រែកដេញ “កុំមករោទិ៍ម៉ូតូនៅមុខផ្ទះអញ ថ្លង់ណាស់…” រងរបួសដាច់ដៃម្ខាង

ខេត្តកណ្តាល ៖ យុវជនម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំ ក៏ជិះម៉ូតូរោទិ៍លាន់ឮសំឡេងទ្រហឹងពេញភូមិ លុះបុរសជាអ្នកភូមិម្នាក់ថ្លង់ពេក ទ្រាំមិនបាន ក៏ស្រែកដេញកុំឱ្យមករោទិ៍ម៉ូតូមុខផ្ទះខ្លួនទៀត ស្រាប់តែយុវជនស្រវឹងរូបនោះផ្ទុះកំហឹង ក៏ជិះម៉ូតូទៅផ្ទះយកកាំបិត មកលបកាប់ប្រហារបុរសរងគ្រោះ១កាំបិត បណ្តាលឱ្យដាច់កដៃម្ខាងរងរបួសធ្ងន់ បន្ទាប់មក ក៏រត់គេចខ្លួនបាត់ស្រមោល។

ករណីអំពើហិង្សាដ៏ឃោរឃៅ ផ្តើមចេញពីរឿងរោទិ៍ម៉ូតូលាន់ទ្រហឹងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះចាន់ ថេត ស្ថិតក្នុងភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម។

បុរសរងគ្រោះដែលត្រូវគូទំនាស់កាប់ប្រហារបណ្តាលឱ្យដាច់កដៃ មានឈ្មោះស៊ឹម ចាន់ថេត អាយុ៣៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម (រងរបួសដាច់កដៃឆ្វេងត្រឹមកដៃ)។ ចំណែកជនដៃដល់ មានឈ្មោះកា ឆវ័ន្ត អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិជាមួយគ្នា ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង ហើយជិះម៉ូតូ១គ្រឿង រោទិ៍យ៉ាងខ្លាំង ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញភូមិ បន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូទៅរោទិ៍នៅមុខផ្ទះជនរងគ្រោះទៀត។ លុះជនរងគ្រោះឈ្មោះស៊ឹម ចាន់ថេត ថ្លង់នឹងសំឡេងរោទិ៍ម៉ូតូយ៉ាងទ្រហឹងនោះខ្លាំងពេក ទ្រាំមិនបានក៏បានដើរទៅប្រាប់ជនសង្ស័យថា “កុំមករោទិ៍ម៉ូតូនៅមុខផ្ទះអញ ថ្លង់ណាស់!…”។

ប្រភពដដែលបន្តថា ភ្លាមនោះ ជនសង្ស័យដែលកំពុងស្ថិតក្នុងសភាពស្រវឹងជោកជាំ មិនបានតបតមាត់អ្វីទាំងអស់ តែបែរជាជិះម៉ូតូចេញទៅបាត់ ដោយជិះទៅផ្ទះ រួចទាញយកកាំបិតដាក់ជាប់ខ្លួន បន្ទាប់មកក៏ត្រឡប់មករកជនរងគ្រោះវិញ លុះមកដល់ឃើញជនរងគ្រោះកំពុងឈរនៅគល់ស្វាយខាងមុខផ្ទះមិនដឹងខ្លួន ជនសង្ស័យក៏លបចូលទៅកាប់ប្រហារ១កាំបិត បណ្តាលឱ្យជនរងគ្រោះដាច់ដៃឆ្វេងត្រឹមកដៃតែម្តង។

ក្រោយពីបង្កហេតុរួច ជនសង្ស័យក៏បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិក២៤ម៉ោង អរិយក្សត្រ។

ជុំវិញករណីហិង្សាដោយចេតនាខាងលើនេះ កម្លាំងប៉ុស្តិ៍និងកម្លាំងជំនាញ កំពុងបន្តស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES