ខេត្តកណ្តាល ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ ប្តឹងចោទប្រកាន់ពីបទរំលោភសេពសន្ធវៈលើកូនស្រីរបស់គាត់ ចំនួន៥ដង ខណៈដែលពួកគេទាំង២ បានទាក់ទងស្នេហាជាមួយក្មេងស្រីម្នាក់អស់រយៈពេល៥ខែមកហើយ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។

ជនសង្ស័យមានឈ្មោះសំ ចន្ថា ហៅវ៉ែន អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅក្នុងភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះវ.ច អាយុ១៤ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ មានលំនៅក្នុងក្រុងតាខ្មៅ។
យោងតាមសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យ បានស្គាល់រាប់អានគ្នាអស់រយៈពេល៥ខែមកហើយ ថែមទាំងធ្លាប់ណាត់គ្នាដើរលេង ជាច្រើនដងទៀតផង។ មកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យក៏បានបបួលក្មេងស្រីរងគ្រោះទៅដើរលេងនៅកោះពេជ្រ លុះក្រោយមក ដើរលេងជ្រុលម៉ោង ក៏បបួលគ្នាចូលទៅដេកនៅក្នុងផ្ទះសំណាក់យីហោ២២២ រួមរ័កបាន២ដង ក្រោយក៏ត្រឡប់ទៅផ្ទះវិញរៀងខ្លួន។ បន្ទាប់មក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ អ្នកទាំងពីរបានរួមភេទជាមួយគ្នា រហូតដល់បានសម្រេចដល់ទៅ៣ដងបន្ថែមទៀត ក្នុងផ្ទះសំណាក់ដដែលម្តងទៀត សរុបទាំង២ថ្ងៃ ដល់ទៅ៥ដង។

លុះនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ទើបជនសង្ស័យនាំនារីរងគ្រោះត្រឡប់ទៅផ្ទះវិញ ហើយត្រូវ បានម្តាយឪពុកក្មេងស្រីរងគ្រោះនឹកសង្ស័យ ក៏ជជីកសួរនាំកូនស្រី រហូតដល់ធ្លាយរឿងរ៉ាវដឹងថា កូនស្រី ត្រូវប្រុសល្បួងយកទៅរួមរ័កនៅផ្ទះសំណាក់ ក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះរួចមក សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ និងបាននាំខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាល។ ហើយជនសង្ស័យឈ្មោះសំ ចន្ថា ហៅវ៉ែន បានឆ្លើយសារភាពថា ខ្លួនពិតជាធ្លាប់បានរួមរ័កជាមួយក្មេងស្រីរងគ្រោះ ចំនួន៥ដងប្រាកដមែន តែមិនដឹងថា ជាអនីតិជននោះទេ។

ពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕