Wednesday, September 24, 2025
Homeព័ត៌មានជាតិខឹងអត់ជូនដើរលេង ប្រពន្ធវាយផង ទះកំផ្លៀងប្តីផង រហូតដល់សន្លប់ខ្លួនឯង

ខឹងអត់ជូនដើរលេង ប្រពន្ធវាយផង ទះកំផ្លៀងប្តីផង រហូតដល់សន្លប់ខ្លួនឯង

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ បានឈ្លោះប្រកែកគ្នាបែកផ្សែងពេញផ្លូវ ព្រោះតែស្ត្រីជាប្រពន្ធខឹងសម្បានឹងប្តីដែលមិនព្រមជូនទៅដើរលេង ទើបធ្វើឱ្យប្រពន្ធច្រឡោតខឹងក្តិចខ្ញាំបោចសក់ប្តីមិនអស់ចិត្ត ក៏ទះជាច្រើនកំផ្លៀងបន្ថែមទៀត លុះប្តីអត់តដៃ ស្រាប់តែស្ត្រីជាប្រពន្ធបែរជាស្រែកទ្រហោយំ រហូតដល់សន្លប់ខ្លួនឯង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅតាមផ្លូវ បេតុងក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ប្តីប្រពន្ធខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណជាង២០ឆ្នាំប៉ុណ្ណោះ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធខាងលើ បាននាំគ្នាអង្គុយហូបប្រហិតចៀន នៅមុខផ្សារជម្ពូវ័ន រួចហើយប្តីបបួលវិលត្រឡប់ទៅផ្ទះវិញ តែប្រពន្ធមិនចង់ទៅផ្ទះ តែចង់ឱ្យប្តីឌុបដើរលំហែ រកអីហូបបន្ត ប៉ុន្តែបុរសជាប្តីឃើញមេឃស្រទំរកភ្លៀងកក់ខែ ក៏ទារទៅផ្ទះវិញ ហើយក៏ឌុបគ្នាចេញមកកាត់តាមផ្លូវបេតុងក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ បំណងត្រឡប់ទៅផ្ទះ។

ប្រភពដដែលបន្តថា ស្រាប់តែពេលជិះម៉ូតូដឹកគ្នាមកដល់ចំណុចកើតហេតុ ស្ត្រីជាប្រពន្ធដែលកំពុងក្នក់ចិត្តរឿងប្តីមិនព្រមជូនដើរលេង ក៏កើតចិត្តង៉ក់ង ក្តិចផង មួលផង បោចសក់ប្តីផង រហូតដល់នាងលោតចុះពីលើម៉ូតូ បោកទាំងទូរស័ព្ទមួយគ្រឿង ចោលទៀត។ ចំណែកបុរសជាប្តីចិត្តធ្ងន់ខ្លាំងណាស់ មិនបានតបតអ្វីទៅប្រពន្ធទេ មានតែអង្វរលួងលោមប្រពន្ធឱ្យឡើងជិះម៉ូតូវិញ តែប្រពន្ធកាន់តែបានចិត្ត ដល់ហ៊ានទះកំផ្លៀងប្តីជាច្រើនដៃ ដែលមើលទៅសភាពដំបូង គេស្មានថា ប្តីវាយដំប្រពន្ធ ដឹងអី! ប្រពន្ធវ៉ៃប្តីសោះ។

ប្រភពខាងលើ បានបញ្ជាក់ថា លុះក្រោយពីផ្ទុះកំហឹងក្តិចខ្ញាំទះកំផ្លៀងប្តីអស់ចិត្ត តែប្តីមិនតដៃ ស្រាប់តែស្ត្រីជាប្រពន្ធបែរជាស្រែកទ្រហោយំកាន់តែខ្លាំង រហូតដល់សន្លប់ខ្លួនឯងស្តូក និងត្រូវបុរសជាប្តីគ្រាហ៍ឱ្យអង្គុយលើកៅអីមុខផ្ទះប្រជាពលរដ្ឋ និងត្រូវប្រជាពលរដ្ឋជួយគក់ច្របាច់ យកប្រេងខ្យល់ប្រេងកូឡា មកលាបរឺតមួយសន្ទុះ ទើបដឹងខ្លួនឡើងវិញ រួចក៏ត្រូវបុរសជាប្តីលួងលោមឱ្យឡើងជិះម៉ូតូ ដឹកគ្នាត្រឡប់ទៅផ្ទះវិញបាត់ទៅ៕

RELATED ARTICLES