ខេត្តមណ្ឌលគិរី ៖ ជារឿងដ៏គួរឱ្យហួសចិត្តមួយ សម្រាប់ក្រុមគ្រួសារមួយនេះ ដែលស្ត្រីជាប្រពន្ធ ព្រោះតែឃើញប្តីចូលចិត្តដើរផឹកស៊ីដាច់យប់ បំផ្លាញលុយកាក់ជារៀងរាល់ថ្ងៃ ខ្លាចប្តីបំផ្លាញលុយក្នុងផ្ទះអស់ ក៏យកមាសចំនួន៧ជី ទៅលាក់ទុក រួចធ្វើជាឆោឡោថា មានចោរចូលប្លន់ដល់ក្នុងផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចអូរណាវ ស្ថិតក្នុងភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា។

ស្ត្រីជាម្ចាស់ផ្ទះ ដែលអះអាងថា ចោរចូលប្លន់ដល់ក្នុងផ្ទះ មានឈ្មោះចេស ហើប អាយុ៣៥ឆ្នាំ ជាជនជាតិព្នង មុខរបរកសិករ មានប្តីឈ្មោះណែ កម្យន អាយុ៤១ឆ្នាំ ជនជាតិព្នង មុខរបរកសិករ។ ក្រុមគ្រួសារមួយនេះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្ចាស់ផ្ទះខាងលើ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងកើតហេតុខាងលើ ខណៈដែលនាងកំពុងនៅក្នុងផ្ទះជាមួយកូនតូច ស្រាប់តែលេចមុខជនមិនស្គាល់មុខ មានគ្នាប្រហែល៣នាក់ ពាក់មួកសុវត្ថិភាព បានចូលមកក្នុងផ្ទះរបស់នាង ដោយ២នាក់ បានចាប់ដៃខ្ទប់មាត់ និងបិទភ្នែករបស់នាង។ រីឯម្នាក់ទៀតបានធ្វើសកម្មភាពរុះរើរបស់របរនៅក្នុងផ្ទះរបស់នាង រួចក៏នាំគ្នារត់គេចខ្លួនបាត់អស់ទៅ។ លុះក្រោយពេលជនសង្ស័យចេញទៅអស់ នាងបានពិនិត្យមើលទ្រព្យសម្បត្តិ ទើបដឹងថា បានបាត់ចិញ្ចៀនមាស ចំនួន៤វង់ ស្មើនឹង៧ជី, ព្រមទាំងលុយខ្មែរ ៧០ម៉ឺនរៀល និងលុយដុង ១លានដុង។

ស្ត្រីជាម្ចាស់ផ្ទះរូបនេះ បានបញ្ជាក់ថា ពេលដែលជនសង្ស័យចូលមកចាប់នាងនោះ គឺនាងមិនដឹងខ្លួនសោះ លុះពេលជនសង្ស័យនាំគ្នាគេចចេញទៅ នាងក៏មើលពុំទាន់ទៀត ព្រោះពេលនោះ ភ្នែករបស់នាងស្រវាំងពេក។ ក្រោយមក នាងក៏បានពកូនទៅហៅប្តីនៅផ្ទះអ្នកជិតខាង និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

លោកឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ក្រោយស្តាប់ចម្លើយស្ត្រីជាម្ចាស់ផ្ទះ និងបន្ទាប់ពីចុះពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ សមត្ថកិច្ចសង្ស័យករណីខាងលើ ជាការប្រឌិត ទើបបន្តធ្វើការស្រាវជ្រាវ រហូតដល់ល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ទើបស្ត្រីរូបនោះបានសារភាពថា នាងពិតជាបានប្រឌិតរឿងថាមានករណីប្លន់កើតឡើងមែន ក្នុងគោលបំណង យកមាសចំនួន៧ជីទៅលាក់ទុក បំបាត់ពីប្តី ដោយសារប្តីដើរផឹកស៊ីយប់ៗជ្រៅពេក ហើយពេលចូលផ្ទះវិញ ចេះតែរករឿងប្រពន្ធទៀត ហេតុដូច្នេះហើយ ទើបនាងប្រឌិតរឿងចោរប្លន់មាសខាងលើនេះ តែម្តង។

ក្រោយពីដឹងថា ករណីមួយនេះ គឺជាការប្រឌិតរបស់ស្ត្រីជាម្ចាស់ផ្ទះ ទើបសមត្ថកិច្ចបានធ្វើការអប់រំណែនាំឱ្យស្ត្រីរូបនោះ វិលត្រឡប់ទៅផ្ទះវិញ ព្រោះតែនាងមានកូនតូច។

សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីរូបនេះមានស្មារតីល្អ មិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែនាងមានគំនិតខ្លាចប្តីយកលុយទៅបំផ្លាញ ទើបបែកគំនិតបង្កើតជារឿងនេះឡើង។

តាមប្រភពពីអ្នកជិតខាង បានឱ្យដឹងថា បុរសជាប្តី គឺតែងទៅប្រកបរបរធ្វើជាកម្មករ ដើម្បីបានកម្រៃចិញ្ចឹមគ្រួសារ។ ចំណែកការផឹកស៊ីពិតជាមានមែន តែក៏មិនដល់ថ្នាក់បំផ្លាញអស់ពីផ្ទះ ដូចអ្វីដែលស្ត្រីជាប្រពន្ធចោទប្រកាន់នោះដែរ៕