អតីតតារាចម្រៀងផលិតកម្ម Rock ផាយ៉ត ដែលចាកចេញពីទ្រនំនេះ ៧ឆ្នាំទៅហើយនោះ រហូតមកដល់ពេលនេះ នៅមិនទាន់មានផលិតកម្មណាច្រៀងឡើយ គឺលោកច្រើនច្រៀងបទពីដើមៗឡើងវិញ (Cover) ហើយចេញនៅលើយូធូប ដូចជា បទ “ចំប៉ាប៉ោយប៉ែត”,“បុប្ផាភ្នំទ្រៀល”,“ឃ្មុំផ្ញើសម្បុក”, “កុលាបស”, “ស្រណោះផ្កាខ្ទម្ភ”, “បញ្ចាំដីការប្រពន្ធ” ជាដើម។

តើហេតុអ្វីបានជាផាយ៉ត មិនអាចរកទ្រនំថ្មីដូចអតីតតារាចម្រៀងផោលិតកម្ម Rock ដូចខាន់ ជេមស៍, សួស វីសា, ផន នីដា និងខៀវ ដាឡិច ដែលពួកគេពេលនេះសុទ្ធតែមានផលិតកម្មជ្រករៀងៗខ្លួនអស់ទៅហើយ ?

ក្នុងជំនួបតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ តារាចម្រៀងផាយ៉ត បានឱ្យដឹងថា លោកពេញចិត្តក្នុងការច្រៀងបទ Cover ឡើងវិញ ហើយមិនមានការលំបាកអ្វីច្រើនទេ ព្រោះថាលោកមានក្រុមការងារអ្នកធ្វើភ្លេង និងនិពន្ធសម្រាប់ធ្វើបទចម្រៀងទាំងនោះដែរ។ ចំពោះផលិតកម្មវិញ បើមានគេហៅចូលលោក នឹងពិចារណាចូលច្រៀង តែបើគ្មានទេ គឺនឹងបន្តច្រៀងបទ Cover ឡើងវិញ ចេញតាម យូធូប តទៅទៀត។

ថ្វីត្បិតតែផាយ៉ត មិនទាន់មានទ្រនំថ្មីមែន តែតាចម្រៀងសំនៀងក្រអួនក្រអៅរូបនេះ ក៏ត្រៀមចេញទៅច្រៀងសម្តែងនៅប្រទេសអូស្ត្រាលី ជាលើកទី២ នៅក្រោយចូលឆ្នាំខ្មែរ នេះ។ ដោយឡែក សម្រាប់ពេលរាត្រី ផាយ៉ត ក៏ជាអ្នកចម្រៀងម្នាក់ប្រចាំហាង Bottoms Up នៅខាងក្រោយផ្សារំនើបអ៊ីអន១ ផងដែរ។

ផាយ៉ត បន្ថែមថា លោកធ្លាប់បានចេញទៅច្រៀងម្តែងនៅប្រទេសអូស្ត្រាលី ម្តងរួចទៅហើយ កាលពីឆ្នាំមុន។ ដោយឡែក ថ្មីៗនេះ ក៏មាន Sponsor នៅអូស្ត្រាលី ទាក់ទងឱ្យទៅច្រៀងជាលើកទី២ រយៈពេល៣ខែផងដែរ តែពេលនេះមិនទាន់និយាយគ្នាច្បាស់លាស់ទេ គឺនៅចរចាគ្នានៅឡើយ។ ចំពោះការច្រៀងនៅពេលយប់វិញ លោកធ្វើជាតារាចម្រៀងប្រចាំហាង BottomsUp រយៈពេល៤ឆ្នាំមកហើយ៕

