Thursday, September 25, 2025
Homeព័ត៌មានជាតិបាត់កូនក្រមុំ២ថ្ងៃ ម៉ែឪភ័យសភ្នែក ឮដំណឹងឡើងឡានទៅជាមួយគេហើយ

បាត់កូនក្រមុំ២ថ្ងៃ ម៉ែឪភ័យសភ្នែក ឮដំណឹងឡើងឡានទៅជាមួយគេហើយ

ខេត្តតាកែវ ៖ យុវតីម្នាក់ បានធ្វើដំណើរទៅសាលារៀន រួចក៏បាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញសោះ លុះឪពុកម្តាយភ័យឆោឡោតាមស្វែងរក ក៏ទទួលដំណឹងថា កូនស្រីត្រូវស្ត្រីចំណាស់ម្នាក់នាំឡើងជិះរថយន្តតាក់ស៊ី ដោយមិនដឹងគោលដៅទៅណានោះទេ ជាហេតុធ្វើឱ្យឪពុកម្តាយមានការព្រួយបារម្ភយ៉ាងខ្លាំង ក៏ប្រកាសតាមហ្វេសប៊ុកតាមរកកូនស្រីផង និងបានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ផង តែមិនទាន់មានដំណឹងអ្វីពីកូនស្រីសោះ។

យុវតីដែលបាត់ខ្លួនដោយគ្មានដំណឹងនេះ មានឈ្មោះឈួន សេងគា អាយុ១៥ឆ្នាំ ជាសិស្សរៀននៅអនុវិទ្យាល័យអង្គក្តី មានឪពុកឈ្មោះស៊ឹម ឈុន អាយុ៥២ឆ្នាំ ម្តាយឈ្មោះសុខ សុខខុម អាយុ៥២ឆ្នាំ និងមានលំនៅក្នុងភូមិសឹង្ស ឃុំសឹង្ស ស្រុកសំរោង។ យុវតីរូបនេះបានបាត់ខ្លួនចេញពីផ្ទះ តាំងពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។

តាមប្រភពពីក្រុមគ្រួសារយុវតីខាងលើ បានរៀបរាប់ប្រាប់ថា យុវតីខាងលើ មានភិនភាគសម្បុរសណ្តែកបាយ សក់វែងពណ៌ខ្មៅ និងមានកម្ពស់១,៥៥ម៉ែត្រ ហើយនៅថ្ងៃដែលនាងបាត់ខ្លួន នាងស្លៀកសម្លៀកបំពាក់ខោខូវប៊យ និងអាវខូវប៊យ ព្រមទាំងស្ពាយកាតាប ពណ៌លឿងពីក្រោយទៀតផង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ យុវតីខាងលើបានធ្វើដំណើរចេញពីផ្ទះ សំដៅទៅសាលារៀនដូចសព្វដង ស្រាប់តែមកដល់ម៉ោងដែលនាងធ្លាប់ចេញពីរៀន បែរជាមិនឃើញត្រឡប់មកផ្ទះវិញសោះ ទើបឪពុកម្តាយនឹកឆ្ងល់ ក៏តាមទៅរកកូនស្រីដល់សាលា ប៉ុន្តែមិនមានមិត្តភក្តិ ឬលោកគ្រូអ្នកគ្រូណា បានប្រទះឃើញកូនស្រីរូបនេះចូលសាលារៀនសោះ ហើយទោះជាដើររកពេញសាលារៀន ក៏នៅតែមិនឃើញ។ លុះក្រោយមក ក៏មានដំណឹងថា មានគេឃើញយុវតីរូបនេះ បានឡើងជិះរថយន្តទួរីស ១គ្រឿង ជាមួយនឹងស្ត្រីចំណាស់ម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ហើយក៏មិនដឹងថា មានគោលដៅទៅណានោះទេ។

ប្រភពខាងលើ បានបញ្ជាក់ថា អ្វីដែលកាន់តែធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភកាន់តែខ្លាំងទៀតនោះ គឺពេលត្រឡប់មកដល់ផ្ទះឪពុកម្តាយបានប្រទះឃើញថា បានបាត់ឯកសារសំខាន់ៗមួយចំនួន ដូចជា សំបុត្រកំណើតរបស់កូនស្រី អត្តសញ្ញាណប័ណ្ណឪពុកម្តាយ ព្រមទាំងសៀវភៅស្នាក់នៅទៀតផង។

ដោយសារតែមានការព្រួយបារម្ភថា កូនស្រីអាចនឹងត្រូវចាញ់បញ្ឆោតមនុស្សមិនល្អ ទើបឪពុកម្តាយយុវតីខាងលើ បនាសម្រេចរត់ទៅប្តឹងសមត្ថកិច្ចដើម្បីឱ្យជួយអន្តរាគមន៍តាមរកកូនស្រីផងដែរ មិនតែប៉ុណ្ណោះ ក៏បានប្រកាសតាមរកកូនស្រីតាមបណ្តាញសង្គមហ្វេសប៊ុកដែរ តែរហូតមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅមិនទាន់បានទទួលដំណឹងពីកូនស្រីនៅឡើយ ជាហេតុធ្វើឱ្យឪពុកម្តាយភ័យសភ្នែក រហូតដល់លែងនឹកនាបាយទឹកទៀតផង ព្រោះតែព្រួយបារម្ភពីកូនស្រីខ្លាំងពេក។

ជាមួយនេះ ក្រុមគ្រួសារយុវតីខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញកូនស្រី ដែលមានភិនភាគដូចក្នុងរូបថត មេត្តាជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារ តាមរយៈលេខទូរស័ព្ទ ០៩៦ ៣១៥ ៣៥ ៥៦, ០៧០ ៩១៧ ៨៥៩ និង០៩៨ ៨៧៧ ១៤២៕

RELATED ARTICLES