រ៉េត ស៊ូហ្សាណា នៅឆ្នាំ២០១៩នេះ សាច់កាន់តែសខ្ចីទៅៗ ហើយប្រុសៗណាក៏ជ្រួលជ្រើមសម្រស់ស្រីស្អាតរូបនេះដែរ ដោយថែមទាំងចាត់ទុកនាងថា សម្រស់របស់នាងស៊ីដាច់គេនៅហង្សមាស ទៀតផង។ យ៉ាងណា ប្រុសៗសាមញ្ញប្រហែលជាពិបាកចូលជិតកាយាស្រីស្អាតរូបនេះបន្តិចហើយ ព្រោះហ្សាណា មានមន្ត្រីធំៗជាច្រើនធ្លាប់សរសើរនាងថា ជាស្រីស្អាតនៅចំពោះមុខតែម្តង ដែលនោះមានន័យថា លោកធំៗទាំងឡាយស្រលាញ់ពេញចិត្តនាងខ្លាំងណាស់។

តាមរយៈរូបឆោមគួរឱ្យចង់គយគន់នេះ រ៉េត ស៊ូហ្សាណា ត្រូវប៉ាន់ទាំងអាជីពចម្រៀង និងស្ពតពាណិជ្ជកម្ម ហើយពេលនេះ តម្លៃខ្លួនរបស់នាងច្រៀង១កម្មវិធី គឺស៊ីថ្លៃជាង១ពាន់ដុល្លារ ស្មើតារាចម្រៀងល្បីផ្សេងៗទៀតដែរ បើទោះជាទឹកដមសំឡេងហ្សាណា នៅមានកម្រិតក៏ដោយ។

ប៉ុន្តែ ពេជ្រ សោភា ដែលជាតារាចម្រៀងជើងចាស់នៅហង្សមាស នោះ បានឱ្យដឹងថា ហ្សាណា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើជាតារាចម្រៀងម្នាក់ល្បីឈ្មោះនៅហង្សមាស ហើយសោភា ថា នៅពេលដែលរូបនាង និងឱក សុគន្ធកញ្ញា ឬតារាល្បីផ្សេងៗទៀតនៅហង្សមាស ចាស់ៗទៅ គឺរ៉េត ស៊ូហ្សាណា នឹងចូលមកកាន់តំណែងរបស់នាងជាមិនខានឡើយ ហេតុនេះហើយ នាងជឿថា ហ្សាណា នឹងកាន់តែល្បីឈ្មោះថែមទៀត នៅពេលខាងមុខនេះជាមិនខាន ពិសេសគឺក្រោយពេលនាងបានវិត្តន៍ខ្លួនមកលេងក្បាច់រាំ និងមានក្រុមរាំអមដូចពេលនេះ។

រ៉េត ស៊ូហ្សាណា បានបង្ហាញខ្លួនតាមរយៈស្ពតពាណិជ្ជកម្មធំៗជាច្រើន ជាមួយតម្លៃខ្លួនខ្ពស់រាប់ពាន់ដុល្លារថែមទៀតផង ហើយនាងត្រូវបានហង្សមាស ចងជើងតាមរយៈការព្រមច្រៀងឱ្យតែទូរទស្សន៍ហង្សមាស មួយគត់ មិនច្រៀងឱ្យប៉ុស្តិ៍ណាផ្សេងឡើយ។

អ្នកជំនាញ សិល្បៈបានលើកឡើងថា ហ្សាណា មានសម្រស់ និងការតុបតែងខ្លួនបានល្អ ខណៈទឹកដមសំឡេងមធ្យម រីឯការធ្វើការគោរពពេលវេលាបានល្អ ហេតុនេះហើយបានជាហង្សមាស លើកនាងជាងតារាផ្សេងៗនៅហង្សមាស គឺទុកសម្រាប់ថតកុន និងជាតារាប្រចាំផលិតកម្មតែម្តង។ ប៉ុន្តែយ៉ាងណា ហ្សាណា ពេលនេះ សមត្ថភាពនៅមានកម្រិតនៅឡើយ គឺមិនអាចក្លាយជាកំពូលតារាចម្រៀង និងធ្វើព្យុះភ្លៀងនៅហង្សមាស បានទេ។

តាមព័ត៌មានចុងក្រោយ បានឱ្យដឹងថា រ៉េត ស៊ូហ្សាណា ដែលឡើងកូដមួយឆាវនេះ មានអត្តចរិតប្រែប្រួលជាងមុនផងដែរ ដូចជាការព្យាយាមគេចចេញពីអ្នកសារព័ត៌មាន និងមិនផ្តល់បទសម្ភាសន៍ឡើយ។

ដោយឡែក ម្តាយនិងឪពុករបស់នាង គឺដើរតាមស្រីស្អាតហ្សាណា គ្រប់ជំហានទាំងអស់ ដើម្បីការពារ និងជៀសវាងមន្ត្រីធំៗតាមឆក់ស្នេហា ព្រោះក្រុមគ្រួសារតារាចម្រៀងរូបនេះ បានដាក់លក្ខខណ្ឌដល់ហ្សាណា ថា អាជីពចម្រៀងជាជំហានទី២ ការសិក្សាជំហានទី១។

ប្រភពបានឱ្យដឹងថា ប្រសិនបើហ្សាណា ហ៊ានតែប៉ះរឿងស្នេហាដ៏រសើបណាមួយនោះ ឪពុកម្តាយរបស់នាងនឹងឱ្យស្រីស្អាតរូបនេះ ដើរចេញពីអាជីពសិល្បៈភ្លាមៗតែម្តង ហេតុនេះហើយ បានជាគ្រប់ជំហាន គឺហ្សាណា មិនដែលហ៊ានបង្ហាញខ្លួនតែម្នាក់ឯងឡើយ៕
