Thursday, September 25, 2025
Homeព័ត៌មានជាតិរៀបការកូនម្តង ឪកូនកំលោះសុំផឹកដល់ក្ស័យ

រៀបការកូនម្តង ឪកូនកំលោះសុំផឹកដល់ក្ស័យ

ខេត្តកំពង់ធំ ៖ បុរសម្នាក់ បន្ទាប់ពីរៀបមង្គលការឱ្យកូនចប់សព្វគ្រប់ បានដេកស្លាប់យ៉ាងអាណោចអាធ័មនៅផ្ទះដន្លង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជិត៧ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះដន្លងរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្រម៉ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក។

បុរសរងគ្រោះមានឈ្មោះចាន់ វី អាយុ៥៦ឆ្នាំ ជាមន្ត្រីនគរបាល មានលំនៅក្នុងភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក។

តាមសម្តីរបស់ស្ត្រីឈ្មោះភោគ ផេក អាយុ៥៣ឆ្នាំ ត្រូវជាដន្លងរបស់ជនរងគ្រោះ និងជាម្ចាស់ផ្ទះដែលជនរងគ្រោះដេកស្លាប់ បានរៀបរាប់ប្រាប់ថា បន្ទាប់ពីចប់ពិធីកាត់ចំណងដៃកូន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ពួកគាត់ក៏បានជិះឡានត្រឡប់មកផ្ទះវិញ ហើយប្តីគាត់បានដើរទៅដាស់ដន្លង (ជនរងគ្រោះ) ដែលកំពុងដេកលើរោងមុខផ្ទះ ដោយលាថា ដន្លង! ខ្ញុំលាទៅផ្ទះហើយ ពេលនោះដន្លងក៏បានក្រោកពីដេក ហើយរត់មកឡើងឡានជាមួយពួកគាត់ ធ្វើដំណើរមកផ្ទះរបស់គាត់នៅស្រុកប្រាសាទបល្ល័ង្គ ទៅ។ ពេលមកដល់ផ្ទះគាត់ គ្រាន់តែងូតទឹកហើយភ្លាម ដន្លងរបស់គាត់ (ជនរងគ្រោះ) មិនព្រមហូបបាយទេ គឺផឹកស្រាជាមួយប្តីគាត់រហូត ហើយជនរងគ្រោះចេះតែដើរនិយាយពីនេះពីនោះ រហូតដល់ម៉ោងប្រហែល៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ទើបឈប់និយាយ ក៏ចូលសម្រាកទៅ។

លុះដល់វេលាកើតហេតុ ម៉ោងប្រហែល៦ព្រឹក គាត់ឃើញជនរងគ្រោះសម្រាកនៅតូបមុខផ្ទះ មិនហ៊ានចូលដាស់គាត់ទេ ហើយក៏ទៅទិញបបរមកទុកឱ្យគាត់ហូប ពេលត្រឡប់មកវិញម៉ោងប្រហែលជិត៧ ក៏ប្រទះឃើញជនរងគ្រោះ មានអាការត្រដរខ្យល់ ក៏ផ្អើលនាំគ្នាជួយធ្វើចលនាដង្ហើម ប៉ុន្តែឮតែសំឡេងជនរងគ្រោះក្រតៗ២ដង ក៏បាត់មាត់ឈឹង ទើបប្តីដឹងថា ដន្លងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបផ្តល់ដំណឹងទៅក្រុមគ្រួសារ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញស្រុក និងអាជ្ញាធរភូមិឃុំ បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព រួចបញ្ជាក់ថា សាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារគាំងបេះដូងប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES