Thursday, November 13, 2025
Homeព័ត៌មានជាតិពិតជាឈឺចាប់ណាស់ ប្តីដេកឱបជាប់ដើមទ្រូងរាល់ថ្ងៃ តាមប្រល័យផ្តាច់ពីគ្នា

ពិតជាឈឺចាប់ណាស់ ប្តីដេកឱបជាប់ដើមទ្រូងរាល់ថ្ងៃ តាមប្រល័យផ្តាច់ពីគ្នា

ភ្នំពេញ ៖ កាលពីវេលាម៉ោង៦ និង២៥នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ បុរសម្នាក់ កំពុងជិះកង់ឆ្លងផ្លូវ ក៏ស្រាប់តែត្រូវម៉ូតូធុនធំ១គ្រឿង បើកក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកចំពាក់កណ្តាលកង់យ៉ាងពេញទំហឹង បណ្តាលឱ្យប៉ើងបោកទៅនឹងថ្នល់ស្លាប់យ៉ាងអាណោចអាធ័ម ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធមកដល់ប្រទះឃើញប្តីដេកស្លាប់ស្តូកស្តឹងលើទ្រូងផ្លូវ ក៏ស្រែកទ្រហោយំបោកខ្លួន ឱបសពប្តីដោយក្តីសង្វេគ។

បានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះមានឈ្មោះម៉ៅ ចាន់នី ហៅរិទ្ធ អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះជា តាំងហ៊ួយ អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រៃស្វាយ ក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានកូនប្រុស២នាក់ ក្នុងបន្ទុកគ្រួសារ។ ចំណែកភាគីបង្ក មានឈ្មោះអាន ភារោត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសិប្បកម្ម ផលិតគ្រឿងសង្ហារឹម ស្នាក់នៅកន្លែងធ្វើការភូមិអង្គស្នួល ឃុំអង្គស្នួល ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតភូមិពោធិជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

តាមសម្តីប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ប្តីរបស់នាង (ជនរងគ្រោះ) បានជិះកង់ចេញពីបន្ទប់ជួល ទៅធ្វើការងារសំណង់នៅក្បែរផ្សារចោមចៅ។ លុះពេលជិះកង់មកដល់ចំណុចកើតហេតុខាងលើ ប្តីរបស់នាងក៏បានបត់ឆ្លងផ្លូវ ស្រាប់តែពេលបត់ ដល់គំនូសកណ្តាលទ្រូងផ្លូវទៅហើយ ស្រាប់តែមានម៉ូតូធុនធំ១គ្រឿង ម៉ាក Merax 150cc ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HM-0340 បើកក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច រួចក៏ជ្រុលទៅបុកកង់ចំពាក់កណ្តាលកង់របស់ប្តីនាងយ៉ាងពេញទំហឹង បណ្តាលឱ្យប្តីនាងប៉ើង បោកទៅនឹងថ្នល់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង ។ ភ្លាមៗនោះ អ្នកបើកបរម៉ូតូបង្ក ត្រូវបានសមត្ថកិច្ចឃាត់នាំខ្លួនយកទៅប៉ុស្តិ៍។

តាមសម្តីបុរសជាអ្នកបើកបរម៉ូតូបង្ក បានឱ្យដឹងថា ខ្លួនទើបតែវិលត្រឡប់មកពីលេងប្រពន្ធជាកម្មការិនីរោងចក្រ នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ហើយប្រញាប់ចូលធ្វើការងារនៅរោងសិប្បកម្ម លុះជិះដល់ចំណុចកើតហេតុ ឃើញបុរសរងគ្រោះជិះកង់ឆ្លងផ្លូវ គេចចង្កូតមិនទាន់ ក៏ជ្រុលទៅបុក បណ្តាលឱ្យអ្នកជិះកង់ស្លាប់នៅនឹងកន្លែងបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើការវាស់វែង រួចអូសយកម៉ូតូ និងកង់ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី។

ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES