Thursday, September 25, 2025
Homeព័ត៌មានជាតិឧស្សាហ៍ជួបគ្រោះថ្នាក់ចរាចរណ៍ គាត់ធ្វើពិធីកាត់ស៊យក្នុងបន្ទប់ម្នាក់ឯង

ឧស្សាហ៍ជួបគ្រោះថ្នាក់ចរាចរណ៍ គាត់ធ្វើពិធីកាត់ស៊យក្នុងបន្ទប់ម្នាក់ឯង

ខេត្តព្រៃវែង ៖ បុរសម្នាក់ ត្រូវបានសាច់ញាតិ អះអាងថា បានកើតមានជំងឺប្រចាំកាយជាយូរឆ្នាំមកហើយ និងថែមទាំងជួបរឿងស៊យជាញឹកញាប់ ដោយឧស្សាហ៍ជួបគ្រោះថ្នាក់ចរាចរណ៍ខ្លាំងណាស់ ស្រាប់តែចុងក្រោយ ក៏ដាច់ចិត្តគិតខ្លីចងកបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង០៥នាទីរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចសំយ៉ាបមុខបន្ទប់ទឹកក្រោយផ្ទះរបស់ជនរងគ្រោះ  ស្ថិតក្នុងភូមិ០៣ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះសុខ សំណាង អាយុ៣២ឆ្នាំ មុខរបរសន្តិសុខធនាគារកាណាឌីយ៉ា ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះបានកើតមានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ ទោះជាព្យាបាលយ៉ាងណាក៏មិនជា ណាមួយជនរងគ្រោះគ្មានលុយកាក់សម្រាប់ទិញថ្នាំសង្កូវសម្រាប់ព្យាបាលជំងឺឱ្យបានទៀងទាត់នោះទេ។ មិនតែប៉ុណ្ណោះ កន្លងមក ជនរងគ្រោះគឺជាមនុស្សស៊យខ្លាំងណាស់ ចេះតែជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ទើបធ្វើឱ្យជនរងគ្រោះចេះតែរអ៊ូរទាំ ត្អូញត្អែរប្រាប់គេឯងថា ជាតិនេះមិនដឹងជាមានកម្មពៀរអ្វីទេ មានជំងឺច្រើនមុខព្យាបាលមិនជាផង ណាមួយជួបរឿងស៊យមិនដាច់ មិនដឹងជាពេលណា ទើបបាត់ស៊យឡើយ ស្រាប់តែចុងក្រោយ បែរជាជនរងគ្រោះគិតខ្លីចងកសម្លាប់ខ្លួនបែបនេះតែម្តង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ មិត្តភក្តិជនរងគ្រោះបានមករកជនរងគ្រោះដល់ក្នុងបន្ទប់ ស្រាប់តែពេលចូលមកដល់ ក៏ប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ និងពិនិត្យសព រួចបញ្ជាក់ថា ពិតជាស្លាប់ដោយចងកប្រាកដមែន បន្ទាប់មកក៏ប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES