តារាសម្ដែងសាវិន ហ្វីលីព ដែលលេចធ្លោក្នុងរឿង “JAIL BREAK” និងភាពយន្ដខ្មែរជាច្រើនរឿងទៀតនោះ ថ្មីៗនេះ បានប្រកាសដាក់ទុករាប់សែនដុល្លារ ដើម្បីវិនិយោគផ្នែកអចលនទ្រព្យជាមួយក្រុមហ៊ុន KSL ពុះដីឡូតិ៍លក់ដល់ទៅ៦៤ហិកតារ នៅខាងក្រោយផ្សារបាត់ដឹង ខាងលិចផ្លូវក្រវ៉ាត់ក្រុង៥១ ដែលជាតំបន់កំពុងមានការអភិវឌ្ឍន៍ខ្លាំង។

លោកសាវិន ហ្វីលីព មិនបានបញ្ជាក់ថា ទឹកប្រាក់ដែលដាក់សម្រាប់វិនិយោគរួមជាមួយ KSLនោះ មានទំហំប៉ុន្មានទេ តែលោកគ្រាន់តែបង្ហើបថា រាប់សិបម៉ឺនដុល្លារ ហើយចំណុចពិសេសដែលលោកពេញចិត្តចាប់ដៃជាមួយ KSL ព្រោះថា ដីឡូតិ៍នោះស្របច្បាប់ ប្លង់រឹង ហើយ១ឡូតិ៍ តម្លៃតែ២៣០០ដុល្លារ ឬបង់រំលស់រយៈពេល២ឆ្នាំ។ លោកថា ពេលនេះក្រុមហ៊ុនបានពុះលក់ជាង៤ពាន់ឡូតិ៍ ហើយគ្រាន់តែគម្រោងថ្មីនេះ ចេញភ្លាម មានអតិថិជនបានមកទិញដីឡូតិ៍ទុកសម្រាប់សង់លំនៅដ្ឋាន ឬទុកសម្រាប់ចំណេញនៅថ្ងៃខាងមុខ។

ថ្វីត្បិតតែពេលនេះ លោកសាវិន ហ្វីលីព បានងាកមករកស៊ីលក់ដីឡូតិ៍ជាមួយក្រុមហ៊ុន KSL តែលោកថា មិនប៉ះពាល់ដល់អាជីពសម្ដែងរបស់លោកឡើយ គឺលោកនៅតែបន្តថតកុនជាធម្មតាដូចមុន។ ដោយឡែក ចំពោះការងារសប្បុរសធម៌វិញ គឺលោកនៅតែបន្ដរទៅមុខទៀត ខណៈខែមុននេះ លោកទើបចូលរួមបរិច្ចាកអណ្ដូងទឹកស្អាត ចំនួន៤០អណ្ដូង ជួយដល់ប្រជាពលរដ្ឋស្ថិតនៅខេត្តសហគន៍ ខេត្តសៀមរាប៕









