Tuesday, September 16, 2025
Homeតារាខ្មែរយក់ ថិតរដ្ឋា ពិបាកប្រជែងស្រីក្មេង រ៉ាប៊ី

យក់ ថិតរដ្ឋា ពិបាកប្រជែងស្រីក្មេង រ៉ាប៊ី

យក់ ថិតរដ្ឋា បានដើរចេញពីផលិតកម្មហង្សមាស ទៅជ្រកកោននៅផលិតកម្មថោន ជាង2ឆ្នាំទៅហើយនោះ ពេលនេះនាងនៅតែមិនទាន់ធ្វើឱ្យទីផ្សារចម្រៀងមានការប្រែប្រួលទេ ព្រោះថា ថោន នៅតែចាត់ទុកមាស សុខសោភា ជាតួឯកដដែល។

គេពិបាកសន្និដ្ឋានថា តើការចាកចេញពីផលិតកម្មហង្សមាស ចូលថោន របស់យក់ ថិតរដ្ឋា ជាការសម្រេចចិត្តខុស ឬត្រូវនោះទេ ព្រោះថា ពេលនេះ អ្នកនាងរដ្ឋា នៅមានពេលវេលាជាច្រើនទៀត ដើម្បីប្រជែងទីផ្សារចម្រៀង ហើយតាមរយៈជំនួបជាមួយអ្នកយកព័ត៌មានយើងកន្លងមក រដ្ឋា បានអះអាងថា នាងសប្បាយចិត្តណាស់ ព្រោះលោកថៅកែថោន និងក្រុមការងារស្រលាញ់រាប់អាននាង និងផ្តល់សិទ្ធិសរីភាពពេញលេញ បើទោះជានាងជាប់កុងត្រាក៏ដោយ តែក៏មានការយោគយល់គ្នាដែរ ដូចជាកន្លងមក ផលិតកម្មបានអនុញ្ញាត្តិឱ្យនាងថតកុនឱ្យផលិតកម្ម LD រឿង “ចិញ្ចៀនខ្មោច” ជាដើម។

មហាជនបានមើលឃើញថា ពេលនេះ ទីផ្សារចម្រៀងរបស់យក់ ថិតរដ្ឋា មិនដូចមុនឡើយ ព្រោះកាលនៅផលិតកម្មរស្មីស្ទឹងសង្កែ រដ្ឋា ស៊ីដាច់សោភា តែពេលនេះ សោភា បែរជាធ្វើឱ្យរដ្ឋា ពិបាកតាមវិញម្តង។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺយក់ ថិតរដ្ឋា មិនត្រឹមតែពិបាកទប់ទល់ជាមួយ មាស សុខសោភា នោះទេ តែនាងក៏មិនអាចប្រជែងជាមួយស្រីក្មេងសម្រស់ឆើតឆាយ រ៉ាប៊ី បានដែរ ព្រោះថា អតីតពិធីការិនីនៅហង្សមាស រូបនេះ ឆក់បានតំណែងលេខ2 នៅថោន បន្ទាប់ពីសោភា ទៅហើយ បើទោះជារ៉ាប៊ី មិនអាចប្រៀបធៀបទឹកដមសំឡេងជាមួយរដ្ឋា ក៏ដោយ។

ទោះជាយ៉ាងណា តាមរយៈការវិវត្តន៍ខ្លួនមកលេង ក្បាច់រាំ និងមានក្រុមរាំអម នៅពេលនេះ គេរំពឹងថា រដ្ឋា នឹងមានទីផ្សារចម្រៀងប្រែប្រួលនាពេលខាងមុខជាមិនខានឡើយ ព្រោះថា ថ្មីៗនេះ ថោន ក៏បានធ្វើបទចម្រៀងចូលឆ្នាំខ្មែរ ឱ្យនាងច្រៀងផងដែរ ខណៈដែលរ៉ាប៊ី វិញ មានតែមួយបទទេ។

យក់ ថិតរដ្ឋា ត្រូវបានគេចាត់ទុកថា ជាសេដ្ឋិនី ព្រោះនាងមានទ្រព្យមិនចាញ់ជំទាវឡើយ ពិសេស ផ្ទះ និងដីធ្លីជាច្រើនកន្លែង ហើយអ្នកនាងជិះរថយន្តផ្លាស់ប្តូរដូចខោអាវ ដែលពេលនេះ នាងជិះរថយន្ត2គ្រឿងឆ្លាស់គ្នា គឺ Lexus Lx 570 និង Range Rover។

គូស្នេហ៍យក់ ថិតរដ្ឋា-ឃុំ ប៉ុណ្ណាដែត ដែលរួមរស់ជាមួយគ្នា 13ឆ្នាំ ត្រូវបានគេចាត់ទុកជាគំរូក្នុងសិល្បៈផងដែរ បន្ទាប់ពីអ្នកនាងចន ច័ន្ទលក្ខិណា បានលែងប្តីយុត្ថារ៉ា ឆាន្នី ក្រោយរួមរស់ជាមួយគ្នាបាន17ឆ្នាំ៕

RELATED ARTICLES