ខេត្តកណ្តាល ៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវស្ត្រីជាកូនបំណុលរបស់ខ្លួន ធ្វើសកម្មភាពវ៉ៃដំចាប់បោចសក់បោកក្បាលផ្ទប់នឹងថ្ម បណ្តាលឱ្យសន្លប់ រួចយកក្រមាចងរឹតកប៉ងសម្លាប់ចោល រួចប្លន់ប្រមូលយកទ្រព្យសម្បត្តិលុយកាក់ស្ត្រីជាម្ចាស់បំណុល រួចព្យាយាមរត់គេចខ្លួន លុះស្ត្រីរងគ្រោះដឹងខ្លួនឡើងវិញ ទើបប្រាប់រឿងរ៉ាវឱ្យប្តីបានដឹង និងដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនស្ត្រីដៃដល់ នាំយកទៅចាត់ការតាមច្បាប់។

ករណីប៉ុនប៉ងឃាតកម្ម និងប្លន់ស្ត្រីចំណាស់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិជ្រោយ មេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល។

ស្ត្រីរងគ្រោះមានឈ្មោះកៃ គឹមឡាង អាយុ៥៣ឆ្នាំ មុខរបរចងការប្រាក់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកទ្រព្យសម្បត្តិស្ត្រីរងគ្រោះដែលបាត់បង់ រួមមាន ប្រាក់ចំនួន៤ពាន់ដុល្លារ ខ្សែក១ខ្សែ ចិញ្ចៀន១វង់ និងប្រាក់រៀល១លានរៀល។ ដោយឡែក ស្ត្រីជាជនសង្ស័យ មានឈ្មោះម៉ិច ទីណា អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនកើតហេតុ នៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យបានដើរចេញពីផ្ទះ ទៅទិញជីស្លឹកខ្ទឹមនៅផ្ទះយាយធំ ក្រោយពីទិញរួច ជនសង្ស័យបានដើរចូលមកក្នុងផ្ទះយាយឡាង (ជនរងគ្រោះ) សួរនាំពីរឿងក្រដាសជំពាក់លុយ (កិច្ចសន្យាខ្ចីលុយ) ថា “ក្រដាសជំពាក់មុន ខ្ញុំសងប្រាក់រួច ម៉េចមិនឱ្យខ្ញុំ?” ជនរងគ្រោះឆ្លើយថា “អញអត់ឱ្យទេ ម៉េចខ្លាចអញទារលុយទៀតមែនទេ?” ជនសង្ស័យឆ្លើយថា “អ៊ំឯងច្រើនតែវង្វេង”។ យ៉ាងណា ជនរងគ្រោះនៅតែមិនឱ្យក្រដាសខ្ចីប្រាក់ទៅជនសង្ស័យដដែល ធ្វើឱ្យជនសង្ស័យអន់ចិត្ត ក៏ដើរមកផ្ទះយកជីខ្ទឹមទុក។

សមត្ថកិច្ចបន្តថា លុះដល់វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃដដែល ជនសង្ស័យបានដើរទៅវិញតែម្នាក់ឯង ចូលផ្ទះជនរងគ្រោះ និងជួបជនរងគ្រោះ ទារក្រដាសជំពាក់លុយដូចមុន ប៉ុន្តែជនរងគ្រោះមិនឱ្យ ហើយទារប្រាក់ទើបខ្ចី ថ្មីពីជនសង្ស័យទៅវិញ ពេលនោះក៏មានការជជែកគ្នា ហើយជនរងគ្រោះក៏ដើរចូលមកក្នុងបន្ទប់។ ចំណែកជនសង្ស័យក៏ដើរមកតាមក្រោយ ដោយខឹងជនរងគ្រោះនិយាយទារលុយដដែលៗ ទប់ចិត្តមិនបាន ក៏ស្ទុះច្រានជនរងគ្រោះផ្ទប់ជញ្ចាំងថ្ម បណ្តាលឱ្យដួលទៅលើឥដ្ឋ ទើបជនរងគ្រោះស្រែកថា “ង៉ែងធ្វើអីចឹង” ភ្លាមនោះ ជនសង្ស័យបានចាប់សក់ក្បាលជនរងគ្រោះបោកទៅលើថ្ម ចំនួន២ដងទៀត បណ្តាលឱ្យជនរងគ្រោះសន្លប់។ បន្ទាប់មកជនសង្ស័យបានយកក្រមាពណ៌បៃតងខៀវ មកចងរឹតកជនរងគ្រោះបន្ថែមទៀត ដោយនឹកស្មានថា ជនរងគ្រោះស្លាប់ហើយ ជនសង្ស័យក៏បានដកយកកាបូបលុយស្ពាយពណ៌ខ្មៅពីជនរងគ្រោះ ហើយលូកយកលុយពីក្នុងកាបូបនោះ ដាក់ក្នុងថង់ខ្មៅ ហើយបោះកាបូបស្ពាយនោះចោលទៅកៀនជញ្ជាំងខាងជើង មូលហេតុដោយសារឆ្កែព្រុសពេក បន្ទាប់មកជនសង្ស័យក៏ដើរសសៀតាមមុខផ្ទះរបស់ជនរងគ្រោះចេញទៅផ្ទះវិញ ធ្វើដូចមិនដឹងរឿង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីកើតហេតុ ប្តីរបស់ស្ត្រីរងគ្រោះបានត្រឡប់មកផ្ទះវិញ ឃើញប្រពន្ឋដេកសន្លប់នៅលើឥដ្ឋក្នុងបន្ទប់ ដោយមានក្រមាចងរឹតកថែមទៀត ទើបប្តីជនរងគ្រោះបានស្រាយក្រមាចេញ ជនរងគ្រោះក៏ដឹងខ្លួនវិញ ដោយនិយាយប្រាប់ថា ម៉ិច ទីណា ជាអ្នកវាយ ឮដូច្នេះ ក៏ទូរស័ព្ទប្តឺងមកសមត្ថកិច្ចប៉ុស្តិ៍ឱ្យចុះអន្តរាគមន៍។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍បានមកដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះម៉ិច ទីណា ព្រមទាំងរកឃើញវត្ថុតាង ប្រាក់រៀល ចំនួន៣៦៧៣០០រៀល, ខ្សែកដាច់ ចំនួន១ខ្សែ ដែលមានបណ្តោង រូបបេះដូងចំនួន១, ចិញ្ចៀនដាំត្បូង ចំនួន១វង់, ខោក្រណាត់ពណ៌លឿង មានប្រឡាក់ឈាម ចំនួន១, អាវក្រឡាការ៉ូ សលាយខ្មៅ ចំនួន១, ក្រមាពណ៌ត្រួយចេក លាយក្រហម ចំនួន១, ខោក្រណាត់កៅស៊ូពណ៌បៃតង មានប្រឡាក់ឈាមជនរងគ្រោះ និងកាតសំរាប់បញ្ចូលលុយប្រព័ន្ធសែលកាត ចំនួន២៣ដុល្លារ ស្មាត ៤០ដុល្លារ ព្រមទាំងមិត្តហ្វូន ៦ដុល្លារផងដែរ។ បន្ទាប់មក សមត្ថកិច្ចក៏នាំខ្លួនស្ត្រីសង្ស័យមកប៉ុស្តិ៍នគរបាល ដើម្បីធ្វើការសាកសួរតាមជំនាញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ម៉ិច ទីណា បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយជនរងគ្រោះប្លន់យកប្រាក់ប្រាកដមែន។

ស្ត្រីជាជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

