ខេត្តកំពង់ចាម ៖ គ្រោះអគ្គិភ័យមួយបានកើតឡើងយ៉ាងសន្ធោសន្ធៅ បង្កឱ្យលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៧ខ្នង ត្រូវបានក្លាយជាចំណីភ្លើងត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ខណៈដែលម្ចាស់ផ្ទះម្នាក់ក្នុងចំណោមនោះ បានដាក់ដាំបាយលើចង្ក្រានហ្គាស ស្រាប់តែកំប៉ុងហ្គាសបានផ្ទុះ បង្កឱ្យមានការឆាបឆេះរាលដាលបែបនេះតែម្តង។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និ២០នាទីល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិទួលរការ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។

គ្រោះអគ្គិភ័យខាងលើនេះ បានបណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៧ខ្នង ដែលក្នុងនោះរួមមាន ទី១-ឈ្មោះសេង ផូ ឆេះផ្ទះទំហំ ៧ម៉ែត្រ គុណនឹង ១២ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ទី២-ឈ្មោះអំ យ៉ាត ឆេះផ្ទះទំហំ៧ម៉ែត្រ គុណនឹង ១២ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ទី៣-ឈ្មោះគ្រុយ សៅ ឆេះផ្ទះទំហំ៦ម៉ែត្រ គុណនឹង ៩ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ទី៤-ឈ្មោះសយ ផល ឆេះផ្ទះទំហំ៦,៥០ម៉ែត្រ គុណនឹង ៩ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ទី៥-ឈ្មោះស៊ីម ណាក់ ផ្ទះមានទំហំ៦្ប៥០ម៉ែត្រិ៍៩ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ៦-ឈ្មោះដា ភាព ឆេះផ្ទះទំហំ៧ម៉ែត្រ គុណនឹង ១៣ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង និងទី៧-ឈ្មោះយីម យ៉ុន ឆេះផ្ទះទំហំ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះឈ្មោះសយ ផល បានដាក់ដាំបាយនៅលើចង្ក្រានហ្គាស លុះគ្រាន់តែដើរចេញផុតពីចង្ក្រានបន្តិច ស្រាប់តែកំប៉ុងហ្គាសបានផ្ទុះ ធ្វើឱ្យកើតមានការឆាបឆេះយ៉ាងសន្ធោសន្ធៅ និងត្រូវបានម្ចាស់ផ្ទះខាងលើ បានរត់ចេញមកស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យជួយដែរ តែពន្លត់ភ្លើងមិនឈ្នះ ទើបធ្វើឱ្យភ្លើងបានឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅជាប់នោះ កើតជាគ្រោះអគ្កិភ័យយ៉ាងសន្ធោសន្ធៅតែម្តង និងត្រូវបានប្រជាពលរដ្ឋរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ទឹកពន្លត់ភ្លាមៗដែរ តែទម្រាំភ្លើងរលត់ទៅវិញ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៧ខ្នង ត្រូវក្លាយជាចំណីភ្លើងអស់ទៅហើយ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងករណីអគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកចម្ការលើ ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ឡុង ស្រេង បឹងកេត ១គ្រឿង។ ក្នុងប្រតិបត្តិការ ពន្លត់នេះប្រើប្រាស់ទឹកអស់ចំនួន២០រថយន្ត និងសាប៊ូអស់៣០គីឡូក្រាម ទើបភ្លើងបានរលត់ទៅវិញទាំងស្រុង។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ចំពោះករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចបូកសរុបទំហំនៃការខូចខាតបាននៅ ឡើយ។ តែយ៉ាងណា អគ្គិភ័យនេះ មិនបានបង្កឱ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ៕
