ខេត្តរតនគីរី ៖ បុរសម្នាក់ បន្ទាប់ពីហូបបាយល្ងាចជុំគ្រួសាររួច ក៏ចូលមុងដេកឱបប្រពន្ធពេញ១យប់ លុះដល់ពាក់កណ្តាលអធ្រាត្រ ក៏ស្រាប់តែត្រដរខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង២៧នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិកាចូនក្រោម ឃុំកាចូន ស្រុកវើនសៃមាន។
សាកសពបុរសរងគ្រោះខាងលើ មានឈ្មោះខាំ ស៊ីន អាយុ៤៦ឆ្នាំ ជាជនជាតិទំពួន មុខរបរជានគរបាលតម្រួតបទបញ្ជា នៃស្នងការនគរបាលខេត្តរតនគិរី មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ក្រោយពីហូបបាយរួច ប្តីប្រពន្ធរបស់គាត់នាំគ្នាំចូលទៅដេកក្នុងមុងជាមួយគ្នាដូចសព្វដង។ ស្រាប់តែមកដល់វេលាពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ប្តីរបស់គាត់ក៏ស្រាប់តែកើតមានអាការត្រដរខ្យល់ ទើបគាត់ព្យាយាមជួយគក់ច្របាច់ប្តីដែរ តែអុសល ប្តីគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅលើដងខ្លួនសាកសព ពុំមានអ្វីគួរឱយកត់សម្គាល់ឡើយ តាមការសន្និដ្ឋាន ជនរងគ្រោះបានស្លាប់ដោយសារជំងឺលើសឈាម (ឡើងឈាម)។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕