ខេត្តរតនគិរី ៖ យុវជនម្នាក់ បានរើសបានកាំភ្លើងអាការ១ដើម ក៏យកមកអង្គុយដោះលេង ស្រាប់តែរាលកៃ ធ្វើឱ្យគ្រាប់នោះហោះទៅបុកចំភ្លៅរបស់ឪពុកដែលកំពុងដេកនៅលើផ្ទះ បណ្តាលឱ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់។

បុរសរងគ្រោះជាឪពុកដែលរងរបួសធ្លាយភ្លៅ មានឈ្មោះញ៉ អង្គួត អាយុ៦៥ឆ្នាំ ជាជនជាតិទំពួន មុខរបរជាប្រធានភូមិ។ ចំណែកជនសង្ស័យជាកូនប្រុស មានឈ្មោះ អង្គួត និច អាយុ១៥ឆ្នាំ ជាជនជាតិទំពួន។ បច្ចុប្បន្ន អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ យុវជនជាកូនប្រុសបានដឹកគោទៅឃ្វាលនៅឯវាលស្រែ ពេលត្រឡប់មកផ្ទះវិញ ក៏ប្រទះឃើញកាំភ្លើង១ដើម រួចក៏រើសយកមកលាក់ទុកនៅក្នុងផ្ទះ ដោយមិនបានប្រាប់ឱ្យអ្នកណាម្នាក់បានដឹងនោះទេ។ លុះដល់វេលាម៉ោង១០យប់ថ្ងៃដដែល ពេលឪពុកកំពុងដេកនៅលើផ្ទះ ពេលនោះកូនប្រុសរូបនោះបានយកកាំភ្លើងនោះ យកមកដោះលេងនៅខាងក្រោមផ្ទះ ស្រាប់តែកាំភ្លើងនោះក៏បានរាលកៃ បណ្តាលឱ្យគ្រាប់ផ្លាតទៅត្រូវបុរសជាឪពុកដែលកំពុងសម្រាន្ត ចំភ្លៅខាងស្តាំធ្លាយពីម្ខាងទៅម្ខាង រងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ដោយសារស្ថានភាពរបួសជនរងគ្រោះមានសភាពធ្ងន់ពេក ក្រុមគ្រួសារបានបញ្ជូនទៅព្យាបាលមន្ទីរពេទ្យឯប្រទេសវៀតណាម។

បន្ទាប់មក សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ ធ្វើការសាកសួរ និងស្រាវជ្រាវ ដកហូតបានកាំភ្លើងវែង១ដើម ម៉ាកអាកាស្វាយបត គ្មានលេខ ព្រមទាំងឃាត់ខ្លួនយុវជនជាកូនប្រុសជនរងគ្រោះ នាំយកទៅសាកសួរ និងចាត់ការតាមនីតិវិធី៕