ភ្នំពេញ ៖ បុរសម្នាក់ ព្រោះតែខឹងសម្បានឹងរឿងគ្មានអ្នកហៅខ្លួនចូលរួមផឹកស៊ី ក៏ផ្ទុះកំហឹង រហូតដល់បើករថយន្តបំបុកចូលហ្វូងមនុស្ស បណ្តាលឱ្យស្លាប់២នាក់ និងរបួសធ្ងន់៦នាក់ ដេករដូករណែលក្នុងថ្លុកឈាម និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនបង្កត្រូវសមត្ថកិច្ចចុះចាប់វាយខ្នោះភ្លាមៗ។ ហេតុការណ៍នេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រោយអធិការនគរបាលខណ្ឌទួលគោក ចំណុចផ្លូវ៣២៤ ស្ថិតក្នុងភូមិ៤ ក្រុម១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនបង្កចិត្តកំណាចឃោរឃៅ មានឈ្មោះទឹម គឹមតិច អាយុ៣៥ឆ្នាំ មុខរបរធ្វើស្លាធម៌ដូងលក់ ស្នាក់នៅផ្ទះលេខ២៥ ផ្លូវលេខ៣២៤ ភូមិ៤ ក្រុម១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់រួមមាន ទី១-ឈ្មោះថា បញ្ញា ទី២-ឈ្មោះសំបូរ ដា ទី៣-ឈ្មោះ សំបូរ ទិត្យ ទី១-ឈ្មោះយាយហាន រីឯអ្នកស្លាប់ទាំង២នាក់ រួមមាន ទី១-ឈ្មោះយាយ យ៉ុម ភេទស្រី ស្លាប់នៅនឹងកន្លែង និងទី២- ឈ្មោះស៊ុយ សឿន ភេទប្រុស ស្លាប់ពេលបញ្ជូនដល់ពេទ្យ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋបាននាំគ្នារៀបចំធ្វើពិធីសែនលោកតាចាស់ស្រុក រួចហើយក៏ជួបជុំគ្នាផឹកស៊ីតិចតួចជារៀងរាល់ឆ្នាំ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ គេឃើញជនបង្ក មិនបានមកចូលរួមហូបអីជាមួយគេឯងនោះទេ។ ស្រាប់តែមួយស្ទុះក្រោយមក ជនបង្កបានដើរចូលទៅក្នុងផ្ទះ និងឮសំឡេងឈ្លោះប្រកែកគ្នាជាមួយគ្រួសារ ហើយជនបង្កបានវាយកញ្ចក់ផ្ទះរបស់ខ្លួនបណ្តាលឱ្យបែក ហើយក៏បើករថយន្តរបស់ខ្លួន១គ្រឿង ម៉ាក ឡិចស៊ីស RX-300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AN-2395 ថយចេញមកក្រៅ ហើយក៏បើកឡានទៅមុខបំបុកចូលហ្វូងមនុស្សបែបនេះសោះ បណ្តាលឱ្យមានមនុស្សជាច្រើននាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះមាន២នាក់ បានស្លាប់បាត់បង់ជីវិត។

ក្រោយពេលកើតហេតុ ជនបង្កបានព្យាយាមរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចចេញមកអន្តរាគមន៍ឃាត់ខ្លូន យកមកអធិការខណ្ឌទួលគោក និងបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោក នៃស្នងការនរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែង និងយកជនបង្ក រួមទាំងរថយន្តទៅកាន់ការិយាល័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕






