ភ្នំពេញ ៖ ទីបំផុត នារីរូបស្រស់ដែលបានបើករថយន្តទំនើបបុកនិស្សិតឆ្នាំទី៤ នៅសាលាផារ៉ាហ្គន បានចូលខ្លួនសារភាពទោសកំហុសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយ ដោយឪពុកនាងឈ្មោះ យិន ង្គិច បាននាំមកផ្ទាល់។
ការចូលខ្លួនមកសារភាពទោសកំហុសនេះ បន្ទាប់ពីលោកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានកំណត់ពេលតែ៣ថ្ងៃប៉ុណ្ណោះ បើមិនដូច្នោះទេ សមត្ថកិច្ចនឹងចាត់វិធានការចាប់ខ្លួនតែម្តង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមីនា លោកយិន ង្គិច ដែលជាឪពុកនារីជើងខ្លាំង យិន ម៉ាណា បានចូលខ្លួនដោះស្រាយនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ លោកបានបញ្ជាក់ប្រាប់សមត្ថកិច្ចយ៉ាងច្បាស់ថា កូនស្រីលោកបានបើកឡានបុកនិស្សិតស្រីឆ្នាំទី៤ ឈ្មោះឌុំ រីដា ស្លាប់ពិតប្រាកដមែន។

បើតាមមន្រ្តីនគរបាលជាន់ខ្ពស់ សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់វប្រាប់យ៉ាងច្បាស់ៗថា លោកយិន ង្គិច ដែលជាឪពុករបស់ក្មេងស្រីបើកឡានបង្កហេតុ បានព្រមសារភាពថា អ្នកបើករថយន្តនោះជាកូនស្រីរបស់លោកពិតប្រាកដមែន ហើយលោកក៏បានយល់ព្រមផ្តិតមដៃនៅលើកិច្ចសន្យាផងដែរ។ ហើយលោកក៏បានសន្យាថា នឹងនាំខ្លួនកូនស្រីមកប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធីតាមផ្លូវច្បាប់។
មន្រ្តីដដែលរូបនោះ បានរៀបរាប់ថា មុនពេលកើហេតុ ជនបង្កឈ្មោះ យិន ម៉ាណា មានអាយុ១៧ឆ្នាំ រួមជាមួយមិត្តភក្តិមានវ័យគ្នាស្របាលគ្នា ចំនួន៤នាក់ (ប្រុស៣នាក់ ស្រីម្នាក់) បានបើករថយន្ត Range Rover បានចូលទៅហាងបុកល្ហុកមួយកន្លែងនៅក្បែរនោះ បន្ទាប់ពីហូបអីហើយ ជនបង្កបានឡើងបើករថយន្តវិញ អមដោយមិត្តភក្តិប្រុសៗ ជិះជាមួយ ចំនួន២នាក់ រួចបើកយ៉ាងលឿនចេញទៅ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយបានជ្រុលទៅបុកនិស្សិតស្រីរងគ្រោះស្លាប់យ៉ាងអាណោចអាធ័មបែបនេះតែម្តងទៅ។

មន្រ្តីនគរបាលជាន់ខ្ពស់រូបនេះ បានបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ច លោក យិន ហ្គិច បានសន្យាថានឹងនាំខ្លួនកូនស្រីមកប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តទំនើប ម៉ាក Range Rover ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បើកបរយ៉ាងលឿន ជ្រុលទៅបុកនិស្សិតស្រីឆ្នាំទី៤ម្នាក់ សិក្សានៅសាលាផារ៉ាហ្គន ផ្ទប់នឹងជញ្ជាំង បណ្តាលឲ្យនាងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ហេតុការណ៌នេះកើតឡើងនៅតាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក៕
(ព័ត៌មានលម្អិត នឹងចេញផ្សាយជាបន្តបន្ទាប់ទៀត)

