ភ្នំពេញ ៖ ម៉ូតូវ៉េវមួយគ្រឿង ជិះដោយយុវសិស្សគ្នា២នាក់ រអិលក្រួសធ្លាក់ចូលប្រឡាយ ដែលកំពុងកាយពង្រីកផ្លូវជាតិលេខ៣ បណ្តាលឱ្យរបួសធ្ងន់២នាក់ ត្រូវបញ្ចូនទៅសង្គ្រោះភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង៤៥នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

បើតាមសមត្ថកិច្ចនគរបាលមូលដ្ឋានបាន ឱ្យដឹងថា យុវរងគ្រោះទាំង២នាក់ ទី១. ឈ្មោះ ភឿន កក្កដា ភេទប្រុស អាយុ១៨ឆ្នាំ ទី២.ឈ្មោះ ឈូ ឆន ភេទប្រុស អាយុ១៩ឆ្នាំ ។ ទាំង២នាក់ ជាសិស្សសាលាជម្ពូវ័ន មានលំនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា វ៉េវ ឌុបគ្នាដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលមកដល់ចំណុចកើតហេតុ ជិះសសៀរចិញ្ចើមមាត់ប្រឡាយ ដែលគេកំពុងកាយធ្វើផ្លូវ ក៏រអិលក្រួសធ្លាក់ចូលប្រឡាយ មានជម្រៅជ្រៅ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីព្យាបាលរបួសភ្លាមៗផងដែរ។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាល រង់ចាំប្រគល់ជូនជនរងគ្រោះវិញនៅពេលក្រោយ៕