Friday, November 14, 2025
Homeព័ត៌មានជាតិចាប់ខ្លួនមន្ត្រីយោធាផ្កាយ១ បាត់ហើយ!!!

ចាប់ខ្លួនមន្ត្រីយោធាផ្កាយ១ បាត់ហើយ!!!

ភ្នំពេញ ៖ អតីតមន្ត្រីយោធាពាក់ផ្កាយ១ម្នាក់ នៅខេត្តសៀមរាប ត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមាត់ស្ទឹងសៀមរាប ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពាក់ព័ន្ធការប្រើប្រាស់ និងរក្សាទុក អាវុធខុសច្បាប់ដោយគ្មានលិខិតអនុញ្ញាត និងញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់។

ជនសង្ស័យដែលត្រូវបានចាប់ឃាត់ខ្លួន មានឈ្មោះលី ដាវីត ភេទប្រុស អាយុ៤៥ឆ្នាំ ជាអតីតមន្ត្រីយោធា ក្នុងអង្គភាពយោធភូមិភាគទី៣ ឋានន្តរស័ក្កិ ឧត្តមសេនីយ៍ត្រី មានតួនាទីជានាយសេនាធិការរង។ វត្ថុតាងចាប់យក រួមមាន អាវុធអាកាស្វ័យបត់ ចំនួន១ដើម លេខ៨៧១២១៣០ បង់ចំនួន១ គ្រាប់ចំនួន៣១គ្រាប់។ បំពង់ទប់សំឡេង (ស៊ីឡង់ហ្សឺ) ចំនួន១ កាំបិតស្នៀតចំនួន១ ដំបងឆក់ចំនួន១ លិខិតឆ្លងដែនចំនួន ១ក្បាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន១សន្លឹក អត្តសញ្ញាណប័ណ្ណយោធា ចំនួន១សន្លឹក អង្រឹងចំនួន១ ទូរស័ព្ទចំនួន២គ្រឿង Powerbank ចំនួន១គ្រឿង ម៉ូតូហុងដាស្កុបពី ពាក់ស្លាកលេខភ្នំពេញ 1HE-8253 ចំនួន១គ្រឿង ព្រមទាំងលិខិតបញ្ជាបេសកកម្ម ហួសសុពលភាព ចំនួន៥សន្លឹក។

អតីតមន្ត្រីយោធា ដែលត្រូវចាប់ខ្លួនរូបនេះ គឺបានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ Lee David ដោយបានប្រើពាក្យអសុរោះជេរប្រមាថសម្តេច ហ៊ុន សែន រួមទាំងប្រើពាក្យមិនសមរម្យមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់អាវុធខុសច្បាប់។ “ប្រើប្រាស់ដោយមិនមានលិខិតអនុញ្ញាត ដូច្នេះកម្លាំងសមត្ថកិច្ចរបស់យើង បានបញ្ជូនទៅខាងអយ្យការ ហើយខាងអយ្យការ បានចោទប្រកាន់ហើយ”។

លោកថាន់ ឃុង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩នេះ បានសម្រេចឃុំខ្លួន ឈ្មោះលី ដាវិត ដាក់ពន្ធនាគារ និងដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទញុះញង់ កុំឱ្យយោធិនស្តាប់បង្គាប់ និងកាន់កាប់ ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នៅចំណុចមាត់ស្ទឹងសៀមរាប ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៧១ ៤៩០ ៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

RELATED ARTICLES