Friday, November 14, 2025
Homeព័ត៌មានជាតិដោយសារឆ្នាំងសាកទូរស័ព្ទ... យុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ដោយសារឆ្នាំងសាកទូរស័ព្ទ… យុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖ យុវជនម្នាក់មិនចេះហែលទឹកផង បែរជាចុះរើសឆ្នាំងសាកទូរស័ព្ទ ដែលខ្លួនបានធ្វើឱ្យជ្រុះចូលទឹកនៅក្រោមផ្ទះ បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្រោមផ្ទះលេខ៧៤សេ ផ្លូវ្រ៦ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

យុវជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះប៉ូង ដុស អាយុ២១ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិ ព្រៃឈើទាល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានធ្វើឱ្យឆ្នាំងសាកទូរស័ព្ទរបស់ខ្លួន ធ្លាក់ចូលទៅក្នុងទឹកខាងក្រោមផ្ទះ បន្ទាប់មក ជនរងគ្រោះក៏ប្រញាប់ស្ទុះចុះទៅរើសឆ្នាំងសាកទូរស័ព្ទពីក្នុងទឹកមកវិញ ទាំងដែលខ្លួនមិនចេះហែលទឹកផង ទើបធ្វើឱ្យលង់ទឹក គាប់ជួនគ្មានអ្នកបានឃើញ និងជួយទាន់ពេល ទើបបណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្ត្រ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើតដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES