តារាចម្រៀងខេមរៈ សិរីមន្ត កំពុងឱ្យជាងសម្រុកសាងសង់ចេតិយសម្រាប់ដាក់អដ្ឋិធាតុខេមរៈ ស្រីពៅ នៅវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត ដើម្បីឱ្យហើយមុនពិធីបុណ្យ100ថ្ងៃ ដែលរៀបចំនៅថ្ងៃទី5 ខែឧសភា ឆ្នាំ2019 ខាងមុខនេះ ក្រោយខេមរៈ ស្រីពៅ បានទទួលមរណភាព កាលពីថ្ងៃទី25 ខែមករា ឆ្នាំ 2019។

អំឡុងពេលដែលសម្រេចចិត្តកាន់ទុក្ខប្អូនស្រី100ថ្ងៃនេះ តារាចម្រៀងខេមរៈ សិរីមន្ត មិនទទួលការច្រៀងសម្តែងទេ ហើយអ្នកចម្រៀងហង្សមាស រូបនេះ បានអះអាងថា មានបណ្តាក្រុមហ៊ុនជាច្រើនបានទាក់ទងហៅច្រៀង តែរូបគេសន្យាថា នឹងឡើងឆាកតន្ត្រីកាន់ក្បាលមីក្រូសាជាថ្មីឡើងវិញ ចាប់ពីថ្ងៃទី 6 ខែឧសភា ឆ្នាំ2019 ខាងមុខនេះហើយ ព្រោះថា នៅថ្ងៃនោះជាថ្ងៃផុតកាន់ទុក្ខ100ថ្ងៃហើយ។

ថ្វីត្បិតតែខេមរៈ សិរីមន្ត ផ្អាកឡើងឆាកដល់ទៅជាង3ខែមែន តែអតីតតារាចម្រៀងផលិតកម្មសាន់ដេ នេះ បានងាកទៅរកស៊ីផ្នែកអចលនទ្រព្យ ដែលគម្រោងចុងក្រោយ បានទៅដល់ខេត្តប៉ោយប៉ែត ទៀតផង។

ប៉ុន្តែអតីតតារាចម្រៀងផលិតកម្ម U2 និងសាន់ដេ ខេមរៈ សិរីមន្ត អះអាងថា ទោះជារវល់រកស៊ីដីធ្លីយ៉ាងណា ក៏មិនចោលសិល្បៈជាដាច់ខាត ព្រោះអាជីពសិល្បៈជាជំហានទី1 ការរកស៊ីអចលនទ្រព្យជាមុខរបរបន្ថែម។

គេជឿថា ទោះជាខេមរៈ សិរីមន្ត វិលវិញចំពេលរដូវធ្លាក់ភ្លៀងក្តី ក៏តារាចម្រៀងកូន3 តែមិនទាន់ហ៊ានរៀបការរូបនេះ នៅតែមានក្រុមហ៊ុនមួយចំនួនចាំហៅឱ្យច្រៀងកម្មវិធីពួកគេដែរ ដោយសំអាងថា ទោះជាសិរីមន្ត ពេលនេះមិនល្បីល្បាញខ្លាំងដូចកាលនៅសាន់ដេ ក្តី តែរូបគេនៅតែស្ថិតជាតារាជួរមុខគេ ដោយប្រដមប្រសងជាមួយព្រាប សុវត្ថិ ដដែល៕


