ខេត្តសៀមរាប ៖ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ សាកសពទារកម្នាក់ត្រូវបានខ្ចប់រុំក្នុងក្រមាពោះគោ ត្រូវបានឪពុកប្លុងចោលនៅចំណុចមាត់ស្ទឹងសៀមរាប បន្ទាប់ពីស្ត្រីជាប្រពន្ធសម្រាលបានកូនភ្លោះ ប៉ុន្តែកូនម្នាក់បានស្លាប់ ទើបបង្កឱ្យមានការភ្ញាក់ផ្អើល។

យោងតាមការយកចិត្តទុកដាក់ពីលោកឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដោយមានការដឹកនាំស្រាវជ្រាវពីលោកនួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ ជាលទ្ធផលនៃការស្រាវជ្រាវយើងបានរកឃើញមូលហេតុពិតហើយ ដោយសាកសពទារកនេះ ជាកូនរបស់ឈ្មោះជា ម៉េងឡុង ភេទប្រុស អាយុ២៥ឆ្នាំ ប្រពន្ធឈ្មោះសេង សៀវម៉ី អាយុ១៨ឆ្នាំ រស់នៅភូមិសូភី ឃុំកំពង់ស្វាយ ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ប្តីប្រពន្ធទាំង២នាក់នេះ បានធ្វើដំណើរមកក្រុងសៀមរាប ដើម្បីចូលសម្រាលកូននៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា លុះដល់វេលាទៀបភ្លឺ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ឈ្មោះសេង សៀវម៉ី បានសម្រាលកូនបានកូនប្រុស ចំនួន២នាក់ (ភ្លោះ) តែទារកទាំងពីរនាក់នេះមានសុខភាពខ្សោយ ហើយទារកម្នាក់ដែលជាកូនទីពីរ បានស្លាប់ទៅវិញ ទោះបីមានការប្រឹងប្រែងដើម្បីសង្គ្រោះពីក្រុមគ្រូពេទ្យយ៉ាងណាក្តី។ ក្រោយមកបុរសជាប្តី ឈ្មោះជា ម៉េងឡុង ជាឪពុក បានសុំការអនុញាតពីក្រុមគ្រូពេទ្យយកសពកូនយកទៅបញ្ចុះនៅវត្ត លុះដល់ពាក់កណ្តាលអធ្រាត្រ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ឈ្មោះជា ម៉េងឡុង បែរជាយកកញ្ចប់ដែលមានសពកូន នៅខាងក្នុងនោះទៅទុកចោលនៅខាងមុខវត្តព្រះឥន្ទកោសា ចំណុច មាត់ទឹកស្ទឹងខាងកើត ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។

ចំណែកក្រុមគ្រូពេទ្យ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ក៏បានបញ្ជាក់ប្រាប់កម្លាំងនគរបាលថា ទារករបស់ប្តីប្រពន្ធពីរនាក់ខាងលើនេះ ពិតជាបានស្លាប់ ដោយសារកើតមិនគ្រប់ខែ និងសុខភាពខ្សោយពិតមែន។

អាស្រ័យហេតុនេះ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលប្រទះឃើញសពទារកនេះ កាលពីព្រឹកថ្ងៃទី២៨នេះ មេត្តាជ្រាបថា ករណី នេះមិនជាករណីឃាតកម្មនោះឡើយ៕





