Friday, November 14, 2025
Homeព័ត៌មានជាតិកូនប្រុសពោលថា “ឈប់ឱ្យម៉ែឃើញមុខទៀតហើយ...” ម្តាយយំផ្អើលគេឯង

កូនប្រុសពោលថា “ឈប់ឱ្យម៉ែឃើញមុខទៀតហើយ…” ម្តាយយំផ្អើលគេឯង

ខេត្តកំពង់ធំ ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា គឺជាមនុស្សប្រើប្រាស់ថ្នាំញៀន និងចេះតែរករឿងប្រពន្ធ និងឪពុកម្តាយមិនឈប់ លុះក្រោយមក ក៏ទារលុយពីម្តាយដែលជំពាក់ចំនួន៣លាន លុះម្តាយថាអត់មានលុយឱ្យ ស្រាប់តែកូនប្រុសរូបនេះ បាននិយាយថា ឈប់ឱ្យម៉ែឃើញមុខទៀតហើយ នឹងចងកសម្លាប់ខ្លួន លុះក្រោយមក កូនប្រុសរូបនោះក៏ធ្វើសកម្មភាពចងកសម្លាប់ខ្លួនមែន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិកណ្តោលចាស់ ឃុំព្រះដំរី ស្រុកស្ទោង។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះប៊ន ជា អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះអូន លីម អាយុ៥១ឆ្នាំ ត្រូវជាម្តាយសព បានបញ្ជាក់ថា កន្លងមកកូនរបស់គាត់ឈ្មោះប៊ន ជា តែងប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយតែងតែរករឿងគាត់ជាម្តាយ និងប្រពន្ធរបស់គេជាញឹកញាប់។ លុះដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ កូនប្រុសនេះបានទារលុយដែលគាត់ជំពាក់ចំនួន៣លានរៀល តែគាត់ប្រាប់ថា មិនទាន់មានទេ ពេលនោះកូនប្រុសបាននិយាយថា ៥ម៉ឺនក៏យកដែរ តែគាត់ពុំបានឱ្យទេ ទើបកូនប្រុសនោះចាប់ផ្តើមមានសភាពប្លែកៗ រវើររវាយ ហើយនិយាយថា “ឈប់ឱ្យម៉ែឃើញមុខទៀតហើយ នឹងចងកសម្លាប់ខ្លួន…”។

ស្ត្រីជាម្តាយបន្តថា ក្រោយមកកូនប្រុសគាត់ បានដើរចូលទៅក្នុងបន្ទប់បិទទ្វារបង្អួចដាក់គន្លឹះជាប់ គាត់សង្ស័យកូនសម្ងំជក់ថ្នាំញៀន ក៏បានឡើងលើផ្ទះមើលតាមប្រហោងរនាប ឃើញកូនប្រុសនេះដេកប្រែខ្លួនចុះឡើងៗ ទើបគាត់បានចុះមកដីវិញ បន្ទាប់មកទៀតគាត់ទៅ មើលម្តងទៀត តែមិនឃើញ ក៏ហៅអត់លឺឆ្លើយទៀត ទើបគាត់បានយកចបជីកគាស់បង្អួចមើល ស្រាប់តែប្រទះឃើញកូនគាត់ចងកនឹងផ្ទោងដំបូលផ្ទះស្លាប់បាត់ទៅហើយ និងបានហៅអ្នកជិតខាងឱ្យជួយគាស់ចំរឹងបង្អួច ចូលបើកគន្លឹះទ្វារកាត់ចំណងដាក់សពមកក្រោម រួចរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថាជនរងគ្រោះ ពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនស្ត្រីជាម្តាយ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES