Friday, November 14, 2025
Homeព័ត៌មានជាតិគ្រូពេទ្យប្រាប់ថាអស់លទ្ធភាពព្យាបាលហើយ ម៉ែដឹកទៅផ្ទះ កូនស្លាប់តាមផ្លូវ

គ្រូពេទ្យប្រាប់ថាអស់លទ្ធភាពព្យាបាលហើយ ម៉ែដឹកទៅផ្ទះ កូនស្លាប់តាមផ្លូវ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានស្លាប់តាមផ្លូវ ខណៈពេលដែលក្រុមគ្រួសារដឹកតាមម៉ូតូត្រឡប់ទៅផ្ទះវិញ លុះពាក់កណ្តាលផ្លូវ ក៏ស្រាប់តែអកុសល ដាច់ខ្យល់ស្លាប់តាមផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។

ជនរងគ្រោះ មានឈ្មោះមិន មឿង អាយុ២៦ឆ្នាំ មានលំនៅក្នុងភូមិព្រីងជូ ឃុំភ្នំលាប ស្រុកព្រះនេត្រព្រះ។

ស្ត្រីជាម្តាយរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់បានកើតមានជំងឺមហារីកបេះដូង សម្រាកពេទ្យបានប៉ុន្មានថ្ងៃហើយ ក្រុមគ្រូពេទ្យជំនាញបានប្រាប់ថា ជំងឺរបស់កូនប្រុសគាត់ ស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរហើយ គ្រូពេទ្យអស់លទ្ធភាពនឹងព្យាបាលហើយ ក្រោយពីស្តាប់ឮគ្រូពេទ្យនិយាយប្រាប់បែបនេះ ធ្វើឱ្យពួកគាត់ជាក្រុមគ្រួសារអស់សង្ឃឹម និងរន្ធត់ចិត្តយ៉ាងខ្លាំង រួចក៏រៀបចំដឹកបញ្ជូនកូនប្រុសត្រឡប់ទៅផ្ទះវិញ ដោយគាត់បានឱ្យប្អូនស្រីរបស់គេជាអ្នកឌុបត្រឡប់មកផ្ទះវិញ ដោយគាត់ជាម្តាយអង្គុយទប់ពីក្រោយ។ ស្រាប់តែដល់ចំណូចកើតហេតុ ស្រាប់តែជំងឺរបស់កូនប្រុសគាត់ធ្វើទុក្ខយ៉ាងខ្លាំង ទើបពួកគាត់បានឈប់ម៉ូតូមួយសន្ទុះ ដើម្បីធ្វើចលនាកូនប្រុសដែរ តែអកុសល កូនប្រុសនេះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅកាន់លំនៅដ្ឋាន រួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ឱ្យចុះមកពិនិត្យ។ បន្ទាប់ពីចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺប្រចាំកាយប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES