ខេត្តកំពត ៖ ជនសង្ស័យម្នាក់បានប្រើល្បិចហៅម៉ូតូឌុបជិះ លុះធ្វើដំណើរដល់កន្លែងស្ងាត់ ក៏ទាញដែកចុងស្រួច ចាក់ប្រហារអ្នករត់ម៉ូតូឌុប បណ្តាលឱ្យធ្លាយក្លៀក បំណងប្លន់យកម៉ូតូ តែត្រូវម្ចាស់ម៉ូតូព្យាយាមប្រតាយប្រតប់ ស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យភ័យរត់គេចខ្លួន តែរត់មិនរួចក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់ក្របួចជាប់។

ករណីចាក់ប្លន់យកម៉ូតូ បានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក។
ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះសាន់ ពុទ្ធី អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប មានលំនៅក្នុងភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ។ ចំណែកជនសង្ស័យ មានឈ្មោះផែង ផល អាយុ២៨ឆ្នាំ មានលំនៅក្នុងភូមិក្បាលហុង ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានហៅម៉ូតូឌុបរបស់ជនរងគ្រោះជិះចេញពីផ្សារកំពត សំដៅទៅឃុំត្រពាំងភ្លាំង ស្រុកឈូក។ លុះមកដល់ចំណុចកើតហេតុខាងលើ ដោយឃើញឱកាសស្ងាត់ល្អ ជនសង្ស័យក៏យកដែកចុងស្រួចចាក់ ក្រោមក្លៀកខាងស្តាំជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូពីជនរងគ្រោះ។ ប៉ុន្តែដោយជនរងគ្រោះបានប្រតាយប្រតប់ផង ស្រែកឆោឡោផង ទើបធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ក៏រត់គេចខ្លួនចេញពីកន្លែងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះជួយចេញអន្តរាគមន៍ស្ទាក់តាមដងផ្លូវគ្រប់ច្រកល្ហក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃដដែល។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនបន្ត ដើម្បីចាត់ការតាមនីតិវិធី៕