តារាចម្រៀងវ័យក្មេងសំនៀងក្រអួនក្រអៅ កញ្ញាវី ឌីណែត ដែលជាកូនស្រីរបស់លោកហួរ ឡាវី នោះ អះអាងថា នាងមិនមានការអាក់អន់ស្រពន់ចិត្តចំពោះអ្នកដែលថា នាងខូចចិត្តពេលនី រតនា រៀបការចោលនោះឡើយ ព្រោះមិនដឹងជាធ្វើយ៉ាងណាឱ្យគេឈប់និយាយបានទេ ហើយនាងក៏មិនមានបំណងរៀបការក្នុងពេលឆាប់ៗនេះដែរ ព្រោះតែរកប្រុសស្នេហ៍មិនទាន់បាន…។

វី ឌីណែត វាចាថា មិនមែននាងមិនចង់បង្ហាញគូស្នេហ៍ដូចមិត្តរួមអាជីពនោះទេ គឺចង់បង្ហាញណាស់ តែមិនដឹងជាធ្វើយ៉ាងម៉េចទេ បើពេលនេះ រកតែសង្សារ១គ្រាប់ ធ្វើថ្នាំមិនបានផង។ ទោះជាយ៉ាងណា ឌីណែត ថា នាងមិនមានការអស់សង្ឃឹម ខកចិត្ត ព្រោះគ្មានសង្សារបណ្តើរនោះទេ ដោយសារពេលនេះវ័យរបស់នាងនៅក្មេង និងចង់ផ្តោតលើអាជីពចម្រៀងច្រើនជាងរឿងស្នេហា។

វី ឌីណែត ថ្លែងថា “ខ្ញុំមិនមែនលាក់សង្សារទេបង! ខ្ញុំចង់បង្ហាញដូចគេដូចឯងអ៊ីចឹង តែធ្វើម៉េចយើងវាមិនទាន់មានសង្សារដូចគេ មានតែទៅណាជាមួយមិត្តភក្តិសិនអ៊ីចឹងទៅ។ សម្រាប់ខ្ញុំផ្ទាល់ក៏មិនមែនចង់ផ្តោតលើសង្សារ ស្នេហាអីដែរ គឺចង់ពង្រឹងអាជីពចម្រៀងឱ្យល្អជាងនេះសិន ព្រោះអីឆ្នាំនេះ ខ្ញុំទើបតែអាយុ២៤ឆ្នាំទេ អ៊ីចឹងមិនប្រញាប់មានសង្សាររៀបការអីពេលហ្នឹងផង”។

វី ឌីណែត ធ្លាប់មានព័ត៌មានថា នាងបានភ្ជាប់ទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងជ្រកកោនក្រោមដំបូលផលិតកម្មតែមួយ នី រតនា តែអ្វីៗបានប្រែប្រួលអស់រលីង ព្រោះរតនា ងាកទៅរៀបការជាមួយកូនអ្នកជំនួញធំ ហេង សុវណ្ណភក្តិណា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នេះទៅហើយ ដែលធ្វើឱ្យឌីណែត កាន់តែស្រងូតស្រងាត់ ហើយងាកមកតែងខ្លួនប្លែកៗ ពេលនេះបែរជាថ្ងូរថា នៅតែអត់សង្សារដដែល ព្រោះប្រុសស្នេហ៍រៀបការចោល។

តារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បន្ថែមថា “រឿងគេនិយាយថា ខ្ញុំនិងរតនា ឯណាយ៉ាងម៉េចនោះ យើងមិនអាចហាមឃាត់គេនិយាយបានទេ។ ខ្ញុំក៏មិនខឹងគេនិយាយអ៊ីចឹងដែរ ព្រោះមិនដឹងជាធ្វើម៉េចទេ? ឥឡូវនេះ ខ្ញុំចង់ជម្រាបថា ខ្ញុំអត់បានខូចចិត្តអីជាមួយអ្នកណា ហើយក៏គ្មានគម្រោងគិតគូររឿងរៀបការឆាប់ៗដែរ គឺគិតតែម៉្យាងគត់ ផ្តោតលើអាជីពចម្រៀង ធ្វើម៉េចឱ្យបានល្អជាងនេះ។

មហាជនជាច្រើនបានលើកឡើងថា វី ឌីណែត អាចនឹងស្ងប់ស្ងាត់រឿងដែលគេថា នាងខូចចិត្ត ដោយសារនី រតនា រៀបការប្រពន្ធចោលនោះ លុះត្រាតែកូនក្រមុំលោកហួរ ឡាវី រូបនេះ រកបានសង្សារថ្មីមកកៀកកើយជាចំហដែរ ដើម្បីកុំឱ្យចាញ់រតនា តែបើនាងនៅតែខ្លាចបណ្តើរប្រុសស្នេហ៍ ហើយថ្ងូរថា រកតែសង្សារ១គ្រាប់ មិនបាននោះ គឺគេជឿថា ឌីណែត ច្បាស់ជានៅកំពុងជួបវិបត្តិស្នេហាដូចគេថាជាមិនខានឡើយ…៕

