ភ្នំពេញ ៖ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ បន្ទាប់ពីរួមរស់ជាមួយគ្នាប្រុសស្នេហ៍មានផ្ទៃពោះហើយ ទើបដឹងថា ប្រុសស្នេហ៍ជាប្តីគេសោះ មានទាំងប្រពន្ធកំពុងសរសៃខ្ចីទៀតផង ទើបធ្វើឱ្យខាងស្រីកើតទុក្ខមិនសុខចិត្ត ដាក់ពាក្យបណ្តឹងឱ្យប្រុសកំហូចចូលខ្លួនមកដោះស្រាយគ្នា ហេតុការណ៍នេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីអភ័ព្វចាញ់បោកប្រុសព្រាន មានឈ្មោះឃួន ចាន់នី អាយុ២៩ឆ្នាំ កម្មការិនីរោងចក្រ មានលំនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកប្រុសព្រាន មានឈ្មោះឈុំ ស៊ុនលី អាយុ២៨ឆ្នាំ បម្រើការងារនៅការិយាល័យមេធាវី មានលំនៅក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីស្ត្រីអភ័ព្វស្នេហ៍ បានរៀបរាប់ប្រាប់ថា នាងនិងប្រុសព្រានឈ្មោះឈុំ ស៊ុនលី ស្គាល់គ្នាតាមហ្វេសប៊ុក រួចបានឆាតចុះឆាតឡើង ខាងប្រុសក៏ប្រាប់ថា គេបម្រើការងារនៅការិយាល័យមេធាវីមួយកន្លែង ថែមទាំងប្រាប់ថា រូបគេនៅកំលោះ និងបានតាមសុំស្នេហ៍នាង ដោយលួងលោមថា ចង់បាននាងគូអនាគត។ ដោយសារតែឮដូច្នេះ នាងក៏ព្រមទទួលស្នេហ៍ពីប្រុសសម្តីផ្អែមនោះ ដោយមិនប្រកែក។ ហើយប្រុសថែមទាំងបានរកការងារឱ្យនាងបានធ្វើជាកម្មការិនីរោងចក្រទៀតផង ហើយគិតមកដល់ពេលនេះ ទំនាក់ទំនងស៊ីជម្រៅរបស់ពួកនាង មានរយៈពេលជាង៦ខែមកហើយ កន្លងមក ប្រុសស្នេហ៍បាននាំនាងទៅដេកសម្រាករួមស្នេហ៍នៅផ្ទះរបស់គេឯភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យទៀតផង។

ស្ត្រីអភ័ព្វរូបនេះ បានឱ្យដឹងទៀតថា ស្រាប់តែមួយរយៈចុងក្រោយនេះ ខាងប្រុសស្នេហ៍បានព្យាយាមផ្តាច់ទំនាក់ទំនងពីនាង និង លែងនាំនាងទៅដេកសម្រាកផ្ទះនោះទៀត មិនដឹងថាមានមូលហេតុអ្វី ហើយសូម្បីតែនាងចាប់ផ្តើមមានផ្ទៃពោះ បែរជាប្រុសស្នេហ៍បង្ខំឱ្យនាងយកកូនចេញទៅវិញ រួចក៏គេចមុខនាងរហូត។
ក្រោយមក នាងបានធ្វើដំណើរតាំងពីស្ទឹងមានជ័យ រហូតមកដល់ចោមចៅ៣ ដើម្បីស្កាត់ជួបប្រុសស្នេហ៍ ស្រាប់តែពេលទៅដល់ ក៏ប្រទះឃើញស្ត្រីកូនខ្ចីម្នាក់កំពុងនៅក្នុងបន្ទប់ជួលនោះ ក៏សាកសួរ ទើបដឹងថា តាមពិតប្រុសស្នេហ៍របស់នាង គឺជាប្តីរបស់គេសោះ។ ពេលនោះ ស្ត្រីជាប្រពន្ធដើមបានរៀបរាប់ប្រាប់នាងថា តាមពិត ប្តីកំហូចនេះបានបញ្ជូននាងទៅស្រុក ដោយយកលេសថា ឱ្យមានឪពុកម្តាយបងប្អូននៅក្បែរ ស្រួលមើលថែ។ ចំណែកប្តីនៅធ្វេកិរានៅភ្នំពេញម្នាក់ឯង ស្រួលដើរបោកស្រីយកកូន។

ស្ត្រីអភ័ព្វខាងលើ បានបញ្ជាក់ថា បន្ទាប់ពីអាថ៍កំបាំងស្នេហ៍ត្រូវបែកធ្លាយដូចពាងប្រហុក នាងក៏ព្យាយាមទាក់ទងទៅប្រុសស្នេហ៍ តែគេបានគេចវេសរហូត ជាហេតុធ្វើឱ្យនាងឈឺចិត្តស្អិតទ្រូង ក៏សម្រេចទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។
បន្ទាប់ពីរៀបរាប់ដំណើររឿងប្រាប់សមត្ថកិច្ចរួចហើយ សមត្ថកិច្ចបានប្រាប់ឱ្យស្ត្រីរងគ្រោះ ទៅប្តឹងនៅការិយាល័យមេធាវី ជាកន្លែងបុរស រូបនោះធ្វើការ ហើយក៏ជាកន្លែងដែលនាងធ្លាប់ស្គាល់ស្រាប់ផង។

ស្ត្រីរងគ្រោះ បានបញ្ជាក់ជំហរថា នាងចង់ប្តឹងសូមឱ្យលោកប្តីហេងស៊យ បង់ជម្ងឺចិត្ត ភូតភបោកប្រាស់ថានៅកំលោះ មកសុំស្នេហ៍ បានទាំងប្រាណ រួចក៏ព្យាយាមដោះដៃយករួចខ្លួនបែបនេះ គឺមិនអាចទៅរួចនោះទេ៕