ខេត្តកំពង់ចាម ៖ ហេតុការណ៍ខ្មាន់កាំភ្លើងម្នាក់ តាមបាញ់បុ់រស២នាក់ បណ្តាលឱ្យជនរងគ្រោះ ដែលអង្គុយក្រោយរងរបួសជាច្រើនគ្រាប់ ស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើកម៉ូតូត្រូវ១គ្រាប់ចំកំប៉េះគូទ រងរបួសធ្ងន់ បន្ទាប់ពីពួគេបានធ្វើដំណើរត្រឡប់ពីញ៉ាំបបរស បង្កមានការភ្ញាក់ផ្អើលឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅផ្លូវក្បែររង្វង់មូលនាងគង្ហីង មុខហាងខារ៉ាអូខេគ្រួសារ ស្ថិតក្នុងភូមិ២ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

បុរសរងគ្រោះដល់ស្លាប់ មានឈ្មោះឡុង ប៊ុនលាង អាយុ៣៤ឆ្នាំ។ ចំណែកជនរងគ្រោះ ដែលរងរបួសធ្ងន់ មានឈ្មោះឆុន ចិន្តា អាយុ២៣ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ មានលំនៅក្នុងភូមិគគរ១ ឃុំគគរ ស្រុកកំពង់សៀម។ ដោយឡែក ជនដៃដល់ជាឃាតករ មិនស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា ជិះម៉ូតូ១គ្រឿង ម៉ាក Zoomer-X ពណ៌ក្រហម មិនចាំស្លាកលេខ។
លោកអនុសេនីយ៍ឯក ឡុង វុទ្ធី មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម បានបញ្ជាក់ឱ្យដឹងថា ហេតុការណ៍បាញ់បណ្តាលឱ្យមានមនុស្សស្លាប់និងរបួស នៅចំណុចខាងមុខហាងខារ៉ាអូខេ យីហោគ្រួសារ មកដល់ពេលនេះ ខាងសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្ថសញ្ញាណ ជនដៃដល់ ដោយនៅមិនបានកំណត់បានមុខសញ្ញានោះនៅឡើយ។

លោកមេបញ្ជាការរង បន្តថា តាមព័ត៌មានពីសាក្សី ដែលជាជនរងគ្រោះរងរបួស និងការពិនិត្យក្នុងកាំមេរ៉ាសុវត្ថិភាព បញ្ជាក់ថា ជនសង្ស័យប្រើប្រាស់អាវុធខ្លីមិនស្គាល់ម៉ាក ជិះម៉តូម៉ាក Zoomer-X មើលមិនច្បាស់ស្លាកលេខ។ ជននោះបានបាញ់រះមកលើម៉ូតូ១គ្រឿងទៀត របស់ជនរងគ្រោះដែលជិះគ្នា២នាក់ បណ្តាលឱ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ករណីនេះ អ្នកបាញ់ទំនង ជាមានជំនាញច្បាស់លាស់ ដោយអាចបាញ់ដៃឆ្វេង និងដៃខាងស្តាំបើកបរម៉ូតូ។

តាមសម្តីបុរសរងគ្រោះឈ្មោះឆុន ចិន្តា បានរៀបរាប់ប្រាប់សមត្ថកិច្ចនៅក្នុងមន្ទីរពេទ្យ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ គាត់និងជនរងគ្រោះ រួមនឹងមិត្តភក្តិ បងប្អូន មានគ្នាប្រមាណ៨-៩នាក់ បានជួបជុំផឹកស៊ីនៅផ្ទះមេជាងទង (ជាងមាស) ដោយមិនមានបង្កជម្លោះអ្វីជាមួយអ្នកណានោះទេ។ ក្រោយពីផឹកស៊ីដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ គាត់និងជនរងគ្រោះដែលស្លាប់ ឈ្មោះឡុង ប៊ុនលាង បានបបួលគ្នាជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ បំណងទៅហូបបបរសនៅគល់ស្ពានគីហ្ស៊ូណា ក្រុងកំពង់ចាម សំដៅទៅកន្លែងលក់បបរស លុះធ្វើដំណើរតាមផ្លូវ គាត់បានវ៉ាម៉ូតូពណ៌ក្រហម១គ្រឿង មិនចាំស្លាកលេខ។ លុះពេលវ៉ាផុតទៅមុខចម្ងាយប្រមាណ១០ម៉ែត្រ ក៏ឮសំឡេងផ្ទអាវុធប្រមាណ៤-៥គ្រាប់ ហើយក៏បានដឹងថា ត្រូវគេបាញ់ បន្ទាប់មក គាត់ក៏បានបន្ថែមល្បឿនបើករេចង្កូតទៅឆ្វេងទៅស្តាំ បានប្រហែលជាង១០០ម៉ែត្រ ទើបជនរងគ្រោះឈ្មោះឡុង ប៊ុនលាង បានប្រាប់ឱ្យឈប់ម៉ូតូ ព្រោះគាត់ត្រូវគ្រាប់ហើយ រីឯជនជាខ្មាន់កាំភ្លើង ក៏ជិម៉ិះតូបូកក្រោយវិញបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យ រួចបានដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីឃាតកម្មកណ្តាលរាត្រីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាណជនសង្ស័យជាខ្មាន់កាំភ្លើង ដើម្បីតាមប្រមាញ់ចាប់ខ្លួនយកមកចាត់ការតាមច្បាប់៕