Friday, November 14, 2025
Homeព័ត៌មានជាតិធ្វេសប្រហែសតែបន្តិច គាត់មកដល់ គេចមិនទាន់ទាន់ ជាន់ល្មម

ធ្វេសប្រហែសតែបន្តិច គាត់មកដល់ គេចមិនទាន់ទាន់ ជាន់ល្មម

ខេត្តកណ្តាល ៖ ក្មេងប្រុសជាសិស្សសាលាម្នាក់  ជិះម៉ូតូចេញពីផ្ទះសំដៅទៅសាលារៀន លុះឃើញមិត្តភក្តិជិះកង់តាមផ្លូវ ក៏អែបម៉ូតូទៅប្រលែងគ្នាលេង ស្រាប់តែអកុសល ទាក់ដៃចង្កូតគ្នា បណ្តាលឱ្យដួលទៅលើផ្លូវ និងត្រូវរថយន្តបែនដឹកដី១គ្រឿង បើកមកពីក្រោយ ចាប់ហ្វ្រាំងគេចចង្កូតមិនទាន់ ក៏ជ្រុលមកបុកទាំងកំរោល បណ្តាលឱ្យក្មេងប្រុសជាអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកក្មេងប្រុសដែលជិះកង់ រងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១និង០៥នាទីរសៀល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ លើផ្លូវលេខ១១០ ចំណុចភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ។

ក្មេងប្រុសរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះហ៊ឹម រតនា អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1C-1615។ ចំណែកក្មេងប្រុសដែលទទួលរងរបួសធ្ងន់ មានឈ្មោះឆាយ ពិសិដ្ឋ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ជិះកង់១គ្រឿង ពណ៌ក្រហម។ ចំណែករថយន្តបង្ក ម៉ាកនីស្សាន់ ពណ៌ខៀវ ជាប្រភេទរថយន្តបែន ពាក់ស្លាកលេខចង្កូតស្តាំ ភភ ២៤៥១ បើកបរដោយឈ្មោះរឿន អ៊ុនតាក់ ភេទប្រុស អាយុ២៩ឆ្នាំ មានលំនៅក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងប្រុសឈ្មោះឆាយ ពិសិដ្ឋ ជិះកង់ពណ៌ក្រហម ក្នុងទិសដៅពីកើតទៅលិច (ស្អាងទៅភ្នំពេញ)។ លុះពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ជិះដោយក្មេងប្រុសរងគ្រោះឈ្មោះហ៊ឹម រតនា បើកមកពីក្រោយក្នុងទិសដៅស្របគ្នា បានមកទះប្រលែងលេងជាមួយគ្នា រួចក៏ស្រាប់តែទាក់ដៃចង្កូត ដួលកង់ខ្ទាតទៅខាងស្តាំដៃ ចំណែកម៉ូតូរេចង្កូតទៅខាងឆ្វេងដៃ ស្របពេលនោះមានរថយន្តមួយគ្រឿងម៉ាកនីស្សាន់ បែនដឹកដី បើកបរដោយឈ្មោះរឿន អ៊ុនតាក់ ក្នុងទិសដៅស្របគ្នា ក៏បានបុកម៉ូតូនោះ បណ្តាលឱ្យក្មេងប្រុសជាអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងតែម្តង។ ចំណែកក្មេងប្រុសជាអ្នកជិះកង់រងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ឯរាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង រួចអូសយកម៉ូតូ រថយន្ត និងកង់ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ រងចាំដោះស្រាយតាមនីតិវិធី។

ដោយឡែក សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES