Friday, November 14, 2025
Homeព័ត៌មានជាតិមិនដឹងជាយ៉ាងម៉េច... នាំគ្នាចេញមកវិញ លែងប្តឹងផ្តល់អស់ទៅ

មិនដឹងជាយ៉ាងម៉េច… នាំគ្នាចេញមកវិញ លែងប្តឹងផ្តល់អស់ទៅ

ភ្នំពេញ ៖ បុរសស្ត្រី២នាក់ បានប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនបុរសម្នាក់ ដោយសង្ស័យថា បានលួចទូរស័ព្ទទំនើបរបស់ខ្លួន លុះសមត្ថកិច្ចចុះនាំភាគីទាំងសងខាងទៅប៉ុស្តិ៍ ដើម្បីសាកសួរពីដំណើររឿង ស្រាប់តែភាគីដើមបណ្តឹង មិនដឹងជាយ៉ាងម៉េច បែរជាខឹងនឹងលោកមេប៉ុស្តិ៍ដាច់ក្បាលដាច់កន្ទុយ រួចក៏ដើរចេញទៅវិញបាត់ ដោយអះអាងថា ឈប់ប្តឹងផ្តល់ហើយ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចជិតសាលារៀនជ័យជំនះ តាមផ្លូវ៣៨០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។

ភាគីជនសង្ស័យ និងភាគីជនរងគ្រោះ មិនត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងពីអត្តសញ្ញាណនោះទេ។

តាមប្រភពពីភាគីនារីរងគ្រោះ បានឱ្យដឹងថា កាលពី១សប្តាហ៍មុន បងប្អូនរបស់ពួកនាងមានទំនាស់ពាក្យសម្តីនៅក្នុងរថយន្ត ហើយ ពេលនោះពួកគេទាំងនោះបានង៉ក់ងរនាំគ្នាចុះពីលើរថយន្ត ដោយមិនបានយកទូរស័ព្ទស៊េរីទំនើប ចំនួន២គ្រឿង ចេញពីក្នុងរថយន្តនោះទេ ទើបធ្វើឱ្យទូរស័ព្ទចំនួន២គ្រឿងនោះ ត្រូវបានបាត់ពីក្នុងរថយន្ត ហើយក៏មិនដឹងអ្នកណាលួចនោះដែរ ហើយពួកគាត់ក៏មិនបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចដែរ។

នារីរងគ្រោះបន្តថា រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ ពួកនាងបាននាំគ្នាសប្បាយក្នុងកម្មវិធីខួបកំណើតនៅមុខផ្ទះ ស្រាប់តែមានបុរសម្នាក់ (ជនសង្ស័យខាងលើ) ដែលជាអ្នកស្គាល់គ្នា បានយកស៊ីមទូរស័ព្ទមកឱ្យពួកគាត់ រួចនិយាយថា បើចង់បានទូរស័ព្ទមកវិញ ទាល់តែឱ្យលុយមករូបគេខ្លះមក។ លុះសួរនាំបុរសសង្ស័យរូបនោះបានបន្តិច បងប្អូនរបស់នាងក៏ទូរស័ព្ទទៅប្រាប់អគ្គស្នងការនគរបាលជាតិថា មានករណីចាប់បានចោរឆក់ទូរស័ព្ទ ទើបផ្អើលសមត្ថកិច្ចទៅធ្វើការឃាត់ខ្លួន ហៅពួកគេទាំងបីនាក់ គឺទាំងជនសង្ស័យនិងភាគីខាងរងគ្រោះ យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលបឹងកេងកង៣ តែម្តង។

នៅពេលទៅដល់ប៉ុស្តិ៍សមត្ថកិច្ច ភាគីខាងនារីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ ស្រាប់តែបន្តិចក្រោយមក មិនដឹងជាយ៉ាងម៉េច ក៏ស្រាប់តែខឹងមេប៉ុស្តិ៍ បាននាំគ្នាដើរចេញមកក្រៅ ដោយនិយាយថា ពួកគាត់មិនបានប្តឹងសមត្ថកិច្ចឱ្យទៅហៅពួកគាត់មកប៉ុស្តិ៍នគរបាលនោះទេ ហើយពួកគាត់ក៏មិនបានដាក់ពាក្យបណ្តឹងអីដែរ និយាយរួចក៏នាំគ្នាជិះម៉ូតូកង់បីត្រឡប់ទៅផ្ទះវិញបាត់ទៅ។

ក្រោយពេលកើតហេតុ នៅសល់តែបុរសជាជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុទុក ព្រោះអត់មានវត្ថុតាងច្បាស់លាស់ រួចហើយក៏ឱ្យត្រឡប់ទៅផ្ទះវិញ ខណៈអត់មានជនរងគ្រោះដាក់ពាក្យបណ្តឹង៕

RELATED ARTICLES