ឌួង ហ្សូរីដា ក្នុងនាមជាពិធីការិនី និងសម្របសម្រួលដែលចាប់ដៃគូជាមួយឌីជេ ហេរ៉ូ នោះ បានលេចមុខក្នុងកម្មវិធីរាត្រីសប្បុរសធម៌ ប្រមូលមូលនិធិជួយការអភិរក្សដំរី ដែលរៀបចំនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។ កម្មវិធីនោះមានការអញ្ជើញចូលរួមពីឯកឧត្តមខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

នៅម៉ោង៨យប់ គេឃើញមានការបង្ហាញម៉ូដពីសំណាក់តារាប្រុសស្រីល្បីៗជាច្រើនដួង ដែលដឹកនាំដោយលោកឯម រៀម ព្រមទាំងក្រុមបង្ហាញម៉ូដតារាបរទេសមួយចំនួនទៀត។ ដោយឡែកសប្បុរសជនជាច្រើនបានចូលរួម ឧបត្ថម្ភមូលនិធិសប្បុរសធម៌ជួយអភរក្សដំរី ហើយក្នុងនោះ ក៏មានការដេញថ្លៃផ្ទាំងគំនូរ ចាប់ពី៦០០ដុល្លារឡើងទៅផងដែរ។

លោកស្រី ក្លេខៃ ចិន្តា នាយិកាសមាគមអៃរា វត្តា បានឱ្យដឹងថា ដំរីនៅប្រទេសកម្ពុជា មាននៅក្នុងព្រៃធម្មជាតិតែ៤ក្បាលប៉ុណ្ណោះ ហើយចាំបាច់ត្រូវការអភិរក្សជាបន្ទាន់ ទើបអ្នកស្រីបង្កើតមូលនិធិសប្បុរសធម៌នេះឡើង ដើម្បីជួយអភិរក្សដំរី។ ចំពោះការលក់ផ្ទាំងគំនូរ ដែលគូរដោយវិចិត្រករចំណានៗនោះ គឺថវិការទាំងអស់នឹងយកទៅជួយដល់ដំរី១០០% តាមរយៈការផ្តល់ប្រាក់ខែដល់ក្រុមហ្មដំរី រួមទាំង ការរៀបចំការងារ ដើម្បីជួយដល់សត្វដំរី នៅពេលដែលមានការសង្គ្រោះ។

គេឃើញតារាបង្ហាញម៉ូដដែលលេចមុខក្នុងកម្មវិធីសប្បុរសធ៌មនោះ មានដូចជា កញ្ញាទឹម រដ្ឋា, ចាន់ គង្គារ, លោកចន ចន្ទ័តារា និង តារាបង្ហាញម៉ូដប្រុសស្រីជាច្រើនដួងទៀត ខណៈដែលឌួង ហ្សូរីដា បាននាំក្រុមម៉ូដែល ជាអ្នកចាំទទួលថវិកាពីសប្បុរសជននានា ហើយក្នុងនោះ ឯកឧត្តម ខៀវ កាញ៉ារីទ្ធ បានឧបត្ថម្ភទឹកប្រាក់ចំនួន៥០០ដុល្លារផងដែរ៕






