ភ្នំពេញ ៖ យុវជន២នាក់ កំពុងជិះម៉ូតូដឹកគ្នា គ្រាន់តែឃើញយុវជន២នាក់ទៀត ជិះម៉ូតូវ៉ាម៉ូតូរបស់ខ្លួន ក៏ស្រាប់តែខឹងសម្បា បក់ដៃហៅឱ្យឈប់ រួចក៏បង្កជាជម្លោះ ឈានដល់ការវាយតប់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសទាំងអស់គ្នា កាលពីវេលាម៉ោង៣និង៥នាទីរសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខផ្ទះលក់សម្ភារសំណង់១កន្លែង ក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ភាគីទី១ មានគ្នា២នាក់ រួមមាន ទី១-ឈ្មោះសំណាង រស្មី អាយុ២៣ឆ្នាំ មុខរបរអ៊ុតម៉ូតូ ស្នាក់នៅម្តុំផ្សារហេងលី និងទី២-ឈ្មោះតាំង រតន អាយុ២៤ឆ្នាំ មុខរបរធ្វើការនៅផ្ទះសំណាក់ ស្នាក់ម្តុំវត្តសំរោងអណ្តែត ខណ្ឌសែនសុខ។ ចំណែកភាគីទី២ មានគ្នា២នាក់ រួមមាន ទី១-ឈ្មោះឡាំ យ៉ាន់ឡាំ អាយុ៣០ឆ្នាំ មុខរបរជាជាងបៀកថ្នាំ ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ និងទី២-ឈ្មោះស៊ុន យឹង អាយុ២៣ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ យុវជនទាំង២ក្រុមបានជិះម៉ូតូស្របទិសគ្នា ដោយក្រុមទី១ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GV-3423 ជិះឌុបគ្នាតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានវ៉ាជែងម៉ូតូ១គ្រឿងទៀត ម៉ាកឃ្លីក ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 1HC-9661 ជិះដោយយុវជនក្រុមទី២ លុះពេលឃើញយុវជនក្រុមទី១ បានវ៉ាម៉ូតូរបស់ខ្លួន ក៏បក់ដៃហៅក្រុមទី១ ឱ្យមកកន្លែងខ្លួន ចំណែកយុវជនក្រុមទី១ ស្មានថាជាមនុស្សធ្លាប់ស្គាល់គ្នា ក៏ដើរចូលទៅសួរនាំ ស្រាប់តែផ្ទុះជាហិង្សាដាក់គ្នាទៅវិញទៅមក បណ្តាលឱ្យភាគីទាំងសងខាងរងរបួសរៀងៗខ្លួនតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងបាននាំភាគីទាំងសងខាងទៅប៉ុស្តិ៍សាកសួរ ហើយភាគីទាំងសងខាងសុខចិត្តបញ្ចប់រឿងមិនចង់វែងឆ្ងាយដូចគ្នា ទើបសមត្ថកិច្ចក៏ធ្វើកិច្ចសន្យាបញ្ចប់រឿង និងកុំឱ្យពួកគេឈ្លោះគ្នានៅពេលក្រោយទៀត៕
