ភ្នំពេញ ៖ កាលពីរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយពីបានធ្វើសកម្មភាពលួចហ្វេសប៊ុក (Hack) របស់នារីម្នាក់ និងបានបង្ហោះរូបអាក្រាតរបស់ម្ចាស់គណនីពេញក្នុងបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ជនរងគ្រោះយ៉ាងខ្លាំង។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ លី សុខផេង។ ចំណែកជនរងគ្រោះ មិនស្កាល់អត្តសញ្ញាណនោះទេ។
តាមប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងដោយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ដោយមានការឯកភាពពីលោករៀល សុភិន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញពីដើមបណ្តឹងផងដែរ។

ប្រភពដដែលបន្តថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះលី សុខផេង គឺពាក់ព័ន្ធនឹងករណី លួចកាន់កាប់គណនីហ្វេសប៊ុកអ្នកដទៃ ដោយគ្មានការអនុញ្ញាត និងបានបង្ហោះរូបភាពអាក្រាត បរិហាកេរ្តិ៍ម្ចាស់គណនីហ្វេសប៊ុក។
នៅរសៀលថ្ងៃទី០៤ ខែឆ្នាំដែល នាយកដ្ឋានបានបញ្ជូនសំណុំរឿង និងជនសង្ស័យទៅសាលាដំបូងរាជធានី ចាត់ការតាមនីតិវិធី៕