Friday, November 14, 2025
Homeព័ត៌មានជាតិគេឯងនាំគ្នាមកមើល រន្ធត់គ្រប់គ្នា ម្ចាស់ឡានរត់ទៅពួនក្នុងកំប្លោកបាត់

គេឯងនាំគ្នាមកមើល រន្ធត់គ្រប់គ្នា ម្ចាស់ឡានរត់ទៅពួនក្នុងកំប្លោកបាត់

ភ្នំពេញ ៖ បុរសម្នាក់កំពុងជិះម៉ូតូឆ្លងផ្លូវមិនទាន់ផុតផង ក៏ស្រាប់តែត្រូវរថយន្ត១គ្រឿង ជ្រុលមកបុកនិងកិន អូសប្រមាណ១០០ម៉ែត្រ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម លុះឃើញសភាពមិនស្រួលតៃកុងរថយន្ត ក៏ឈប់រថយន្ត រួចស្ទុះចុះរត់គេចទៅសម្ងំពួននៅក្នុងស្រះកំប្លោក ប៉ុន្តែត្រូវបានសមត្ថកិច្ចតាមរកឃើញ នាំយកទៅសាកសួរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចមុខវត្តខ្ទរ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ 

បុរសរងគ្រោះដែលត្រូវរថយន្តកិនស្លាប់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជនរងគ្រោះមានអាយុប្រមាណជាង២០ឆ្នាំ ទំនងជាសិស្សសាលា ស្លៀកខោជើងវែងពណ៌ខ្មៅ និងពាក់អាវដៃវែងពណ៌ស ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខកំពង់ធំ 1H-3433។ ចំណែករថយន្តបង្កម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខកំពង់ធំ 2A-2384 បើកបរដោយបុរសម្នាក់ឈ្មោះតុង ដេត អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិស្ទឹងសែន ឃុំកំពង់ក្របៅ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ និងមានលំនៅបច្ចុប្បន្ន ភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តសាំងយ៉ុង ដឹកអ្នកដំណើរ១គ្រឿងខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរថយន្ត១គ្រឿងនោះ បានបន្ថែមល្បឿន ដើម្បីវ៉ាជែងរថយន្តជាបន្តបន្ទាប់ ខណៈនោះស្រាប់តែជនរងគ្រោះខាងលើ កំពុងជិះម៉ូតូឆ្លងផ្លូវ ក៏ជ្រុលទៅបុកនិងកិនអូសជនរងគ្រោះប្រមាណជាង១០០ម៉ែត្រ បណ្តាលឱ្យជនរងគ្រោះជាអ្នកបើកម៉ូតូស្លាប់នៅក្រោមកង់រថយន្តយ៉ាងអាណោចអាធ័ម។

ប្រភពដដែល បានបញ្ជាក់ថា ក្រោយពីបង្កហេតុរួច ដោយសារតែឃើញសភាពមិនស្រួល អ្នកបើកបររថយន្តបង្កបានប្រញាប់ចុះពីលើរថយន្ត រត់គេចទៅសម្ងំពួននៅក្នុងស្រះទឹកមួយកន្លែង ដែលមានកំប្លោកដុះពេញ ស្ថិតនៅក្បែរកន្លែងកើតហេតុ ដើម្បីសម្ងំលាក់ខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះតាមប្រមាញ់ចាប់ខ្លួនបាននាំយកទៅសាកសួរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយកម៉ូតូ និងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។

ដោយឡែក សពត្រូវបានបញ្ជូនទៅវត្តទឹកថ្លា ដើម្បីរង់ចាំស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES