Friday, November 14, 2025
Homeព័ត៌មានជាតិកាងអីយ៉ាងនេះ??? កុំឲ្យតែអ្នកណាលក់ក្បែរ ដឹងតែគាត់កាប់គ្មានលើកលែងទេ

កាងអីយ៉ាងនេះ??? កុំឲ្យតែអ្នកណាលក់ក្បែរ ដឹងតែគាត់កាប់គ្មានលើកលែងទេ

ភ្នំពេញ ៖ ស្ត្រីជាអ្នកលក់ប្រហិតចៀនម្នាក់ គ្រាន់តែឃើញមានស្ត្រីម្នាក់ទៀត លក់ប្រហិតចៀនដូចគ្នា មកដាក់លក់ក្បែរកន្លែងរបស់ខ្លួន ក៏ផ្ទុះកំហឹងឆេះឆួល បង្កជាជម្លោះរហូតឈានដល់អំពើហិង្សា ទាញកាំបិតកាប់ទូប្រហិតរងគេ បណ្តាលឱ្យរងការខូចខាត ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ហៅទៅអប់រំណែនាំ។

ហេតុការណ៍ជម្លោះរឿងរកស៊ីរបរដូចគ្នា លក់ដូរក្បែរគ្នា រហូតផ្ទុះជាអំពើហិង្សាខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះពោធិ៍ចិនតុង) ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ភាគីរងគ្រោះ មានឈ្មោះហាក់ អន ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរលក់ប្រហិតចៀនតាមផ្លូវ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកជនបង្កមានឈ្មោះអ៊ូ ចាន់ណារ៉ា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ប្រហិតចៀន និងបាយ នៅតាមផ្លូវ រស់នៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកអង្គជ័យ ខេត្តកំពត។

តាមសម្តីភាគីស្ត្រីជាជនបង្ក បានរៀបរាប់ប្រាប់ថា មូលហេតុដែលរូបគាត់ដាច់ចិត្តប្រើអំពើហិង្សាបែបនេះ គឺព្រោះរូបគាត់និងគ្រួសាររបស់គាត់បានទៅលក់កន្លែងទីតាំងខាងលើ អស់រយៈពេលជាច្រើនឆ្នាំមកហើយ មានម៉ូយមកទិញដាច់គ្រាន់បើដែរ លុះបន្ទាប់មក ស្រាប់តែភាគីជម្លោះខាងលើ បានមកលក់ជិតកន្លែងរបស់គាត់ ធ្វើឱ្យកាត់បន្ថយម៉ូយរបស់គាត់ អស់មួយចំនួន ហើយកន្លងមក គាត់ធ្លាប់បានប្រាប់ឱ្យទៅលក់ឆ្ងាយពីកន្លែងគាត់ជាច្រើនដងមកហើយ ប៉ុន្តែគេតែមិនព្រមចេញ និងកាន់តែផ្គើនដាក់គាត់ទៀត ធ្វើឱ្យគាត់ខឹងពេក ទើបគាត់ផ្ទុជម្លោះហេតូឈានដល់អំពើហិង្សាបែបនេះតែម្តង តែគាត់ក៏មិនបានបង្កឱ្យមនុស្សរបួសនោះដែរ គ្រាន់តែបញ្ចោញកំហឹងដាក់រទេះប្រហិតប៉ុណ្ណោះ។

ចំណែកស្ត្រីជាភាគីរងគ្រោះ បានបញ្ជាក់ថា មិនគួរណាស្ត្រីបង្កមានចិត្តកោងកាច ឃោរឃៅកាងកន្លែងលក់បែបនេះសោះ បែរជាយកកាំបិតមកកាប់កម្ទេចទូប្រហិតចៀនរបស់គាត់ ព្រោះធម្មតា នៅតាមចិញ្ចើមផ្លូវ ជាកន្លែងសាធារណៈ ចង់អ្នកណាលក់បាន ក៏លក់ទៅ ព្រោះសុទ្ធតែអ្នករកស៊ីស្លូតត្រង់ រក១ពេល រស់១ពេល មិនចង់គ្រប់ផង ហេតុអ្វីក៏មកកាងវាតទីចង់រស់តែម្នាក់ឯងបែបនេះ។ យ៉ាងណា គាត់ក៏មិនយកកំហឹងទល់នឹងកំហល់នោះដែរ បានត្រឹមប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានហៅភាគីទាំងសងខាងយកទៅសាកសួរ។

ពេលទៅដល់ប៉ុស្តិ៍នគរបាល ភាគីរងគ្រោះបានទាមទារសំណងចំនួន១ពាន់ដុល្លារ ថ្លៃការខូចខាត ប៉ុន្តែសមត្ថកិច្ចមើលទៅសម្ភារខូចខាតតិចតួចដែរ ទើបជួយសម្របសម្រួលភ្លាមៗ។ បន្ទាប់មក ភាគីបង្កបានព្រមព្រៀងសងចំនួន១៥០ដុល្លារ និងធ្វើកិច្ចសន្យារៀងខ្លួន កុំឱ្យលក់នៅលើចិញ្ចើមផ្លូវបន្តទៀត និងកុំឱ្យកកស្ទះចរាចរណ៍៕

RELATED ARTICLES