នៅសល់តែជាង1ខែទៀតប៉ុណ្ណោះ តារាចម្រៀងឱក សុគន្ធកញ្ញា នឹងក្លាយទៅជាភរិយាស្របច្បាប់របស់អ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស លោកអ៊ឹង សុខលី ហើយនាងក៏ក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ផងដែរ។ ទោះជាយ៉ាងណា នៅពេលដែលការគ្រងឈុតកូនក្រមុំមែនទែន កាន់តែខិតចូលមកដល់នេះ ឱក សុគន្ធកញ្ញា ដែលមានសំបុរខ្មៅស្រអែមមិនបានសម្រាកពីការរាំច្រៀង ហើយយកពេលវេលាទៅបន្ទុំស្បែកឱ្យសខ្ចីដូចកូនក្រមុំផ្សេងៗទៀតឡើយ តែនាងបែរជាកាន់តែមមាញឹករាំច្រៀងរាល់ថ្ងៃ រហូតដល់ស្លក់មុខទៀតផង។

តារាសិល្បៈរួមអាជីព បានឱ្យដឹងថា ចាប់ពីមុនថ្ងៃចូលឆ្នាំខ្មែរ រហូតដល់ថ្ងៃចូលរោងការ គឺឱក សុគន្ធកញ្ញា ជាប់កម្មវិធីសិល្បៈរហូត ព្រោះនាងបានចុះកុងត្រាឱ្យក្រុមហ៊ុនទាំងឡាយពេញអស់ហើយ អ៊ីចឹងគ្មានពេលថែស្បែកឱ្យសខ្ចីសម្រាប់លោកអ៊ឹង សុខលី ឡើយ។

ទោះជាយ៉ាងណា ការរវល់ខ្លាំងនេះ មិនមែនតែឱក សុគន្ធកញ្ញា ទេ លោក អ៊ឹង សុខលី ដែលជាអនាគតប្តីនាង ក៏សឹងតែគ្មានពេលបានដេកពួន ព្រោះពួកគេប្រឹងសម្រុករកលុយខ្លាំងណាស់ អ៊ីចឹងហើយបានជាមិត្តភក្តិសុគន្ធកញ្ញា លាន់មាត់ថា ដើម្បីតែ “លុយ” អតីតសង្សារលោករ៉េត ធីដូណា រូបនេះ មិនហ៊ានឈប់សម្រាកពីច្រៀងរាំ ហើយយកពេលមកថែស្បែកឱ្យសខ្ចីម៉ដ្ឋខៃ ដើម្បីឱ្យលោកសុខលី បានសប្បាយចិត្តឡើយ។

តាមព័ត៌មានថា សុគន្ធកញ្ញា នឹងអាចផ្អាកពីការងារសិល្បៈរយៈពេល1សប្តាហ៍ ក្រោយពេលរៀបការរួច ព្រោះនាងចង់យកពេលវេលានៅជាមួយអនាគតប្តីឱ្យបានច្រើនជាងមុនរៀបការ។
អ្នកដឹកនាំកម្មវិធីប្រគំតន្ត្រីធំៗ2រូប បាននិយាយថា ការទាក់ទងទៅឱក សុគន្ធកញ្ញា ច្រៀង Concert នៅមុននិងក្រោយចូលឆ្នាំខ្មែរ គឺពិតជាត្រូវបានតារាចម្រៀងហង្សមាស រូបនេះ ប្រាប់ថា បានជាប់កក់ឱ្យកម្មវិធីគេអស់មែន ហេតុនេះហើយ លោកជឿថា សុគន្ធកញ្ញា នឹងឡើងឆាកច្រៀងរហូតដល់ថ្ងៃរៀបការតែម្តង គឺគ្មានពេលបានសម្រាកដូចគេទេ។

បុរសដែលអះអាងថា ធ្លាប់ហៅសុគន្ធកញ្ញា ច្រៀងជាង10ឆ្នាំមកហើយនោះ បន្ថែមថា នេះជាឱកាសកើបលុយ ហេតុនេះហើយ សម័យនេះគេមិនទៅបន្ទុំស្បែក អត់ទទួលច្រៀងចោលលុយនោះទេ ព្រោះមានឡេ ចង់ធ្វើឱ្យសបានភ្លាមតើ ?
ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី18 ខែមិថុនា ឆ្នាំ2018 ហើយដឹកដៃគ្នាចូលរោងការនៅ ថ្ងៃទី16 ខែឧសភា ឆ្នាំ2019 ដែលកម្មវិធីជប់លៀងធំរៀបចំនៅសណ្ឋាគាសុខាភ្នំពេញ។

មង្គលការតារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា និងប្អូនថៅកែហង្សមាស នេះជាទីចាប់អារម្មណ៍ខ្លាំងរបស់មហាជនទូទៅ ហើយគេជឿថា ការរៀបចំនឹងពិសេសដើម្បីឱ្យស័ក្តិសមទៅនឹងកេរ្តិ៍ឈ្មោះរបស់ពួកគេ ពោលគឺការចំណាយលុយត្រូវបានគេប្រមាណថា ចូលសែនដុល្លារឯណោះ។ ប៉ុន្តែសម្រាប់ភ្ញៀវដែលចូលរួមមង្គលការរបស់ឱក សុគន្ធកញ្ញា វិញ គឺនាងបានហៅតារាចោះៗប៉ុណ្ណោះមិនជាទូទៅទេ ខណៈដែលអនាគតស្វាមីរបស់នាងវិញ ហៅតែភ្ញៀវខាងក្រុមហ៊ុនដែលរកស៊ីធ្វើ Concert ជាមួយគ្នាទេ។

គេនៅមិនទាន់ដឹងទិន្នន័យការគ្រោងចំណាយទឹកលុយជាក់លាក់ និងចំនួនភ្ញៀវសម្រាប់មង្គលការរបស់ឱក សុន្ធកញ្ញា ទេ ព្រោះម្តាយតារាចម្រៀងរូបនេះ គឺអ្នកស្រីអ៊ិន ថាច បាននិយាយខ្លីថា សូមមិននិយាយរឿងនេះឡើយ។

អ្វីដែលមហាជន និងអ្នកសិល្បៈជាច្រើន កំពុងរង់ចាំមើលនោះថា តើឱក សុគន្ធកញ្ញា នឹងហៅអតីតសង្សារតន្ត្រីករលោករ៉េតធី ដូណា ចូលរួមមង្គលការរបស់នាងឬអត់ ? ស្របពេលដែលលោកដូណា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា លោកគ្មានបានខូចចិត្តរឿងអ្នកណាការចោលទេ ហើយបើសុគន្ធកញ្ញា ហៅការ លោកនឹងទៅចូលរួមដោយរីករាយ៕