ខេត្តកណ្តាល ៖ ប្តីប្រពន្ធ២នាក់ បាននាំគ្នាចូលទៅដេកលង់លក់រៀងខ្លួន ស្រាប់តែវេលាទៀបភ្លឺ ស្ត្រីជាប្រពន្ធក៏ក្រោកទៅចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ទឹកផ្ទះជនរងគ្រោះ ស្ថិតនៅភូមិត្រពាំងអណ្តែង ឃុំម្កាក់ ស្រុកអង្គស្នួល។

ស្ត្រីគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះសុខ ណារ៉ែម អាយុ៣២ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានប្តីឈ្មោះហ៊ឹម សុភី អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់។ ស្នាក់នៅបន្ទប់ជួល ក្បែររោងចក្រ៦ជាន់ ឯរាជធានីភ្នំពេញ។

តាមសម្តីបុរសជាប្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ គាត់និងប្រពន្ធបានជួបជុំផឹកស៊ីជាមួយបងប្អូន រហូតដល់ម៉ោងប្រហែលម៉ោង១០យប់ ទើបឈប់ផឹក ហើយនាំគ្នា (ប្តីប្រពន្ធ) ចូលដេកក្នុងមុងនៅលើគ្រែក្រោមសំយ៉ាបផ្ទះម្តាយក្មេក លង់លក់ទាំងអស់គ្នាទៅ។

លុះម៉ោងប្រហែល៤ទៀបភ្លឺ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ស្រាប់តែម្តាយក្មេករបស់គាត់បានមកដាស់គាត់ថា ប្រពន្ធរបស់គាត់ បានចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកស្លាប់បាត់ហើយ។ ភ្លាមនោះ គាត់និងប្អូនថ្លៃឈ្មោះសុខ អាន ភេទប្រុស អាយុ២៤ឆ្នាំ ក៏ប្រញាប់យកកាំបិតកាត់ផ្តាច់ខ្សែនីឡុងដាក់ប្រពន្ធចុះក្រោម និងលើកដាក់លើគ្រែកន្លែងដេកវិញ ហើយរាយការណ៍ ជូនលោកមេភូមិ និងសមត្ថកិច្ច ចុះមកពិនិត្យសាកសពតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានចូលរួមពីនគរបាលប៉ុស្តិ៍រដ្ឋបាល លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ និងគ្រួសារនៃសព បានធ្វើការពិនិត្យ លើសពជនរងគ្រោះ ឃើញថាគ្មាន ស្លាកស្នាមអ្វីផ្សេងទេ។ តាមការសន្និដ្ឋាន ស្ត្រីរងគ្រោះ ពិតជាស្លាប់ដោយសារការធ្វើអត្តឃាតចងកប្រាកដមែន។
សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕