ខេត្តមណ្ឌលគិរី ៖ បុរសជាមន្ត្រីយោធាម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏អួតអាងថា ខ្លួនពាក់ផ្កាយ២ រួចក៏ដកកាំភ្លើងបាញ់មេឃ អស់ប្រមាណ១០គ្រាប់ ដើម្បីបង្អួតស្រីស្នេហ៍ បង្កឱ្យមានការភ្ញាក់ផ្អើលពេញកណ្តាលក្រុងសែនមនោរម្យ កាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្សារលឹម ប៉េងឃុន ស្ថិតក្នុងភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

បុរសដកកាំភ្លើងបាញ់យ៉ាងអនាធិបតេយ្យ មានឈ្មោះប៉ែង សុភាព អាយុ៤០ឆ្នាំ មុខរបរយោធាកងវិស្វកម្ម មានស្រុកកំណើតនៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល សព្វថ្ងៃស្នាក់នៅភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា បុរសដែលអួតខ្លួនថា ផ្កាយ២ ដែលត្រូវឃាត់ខ្លួនខាងលើ គឺជាកម្លាំងកងវិស្វកម្មស្ថាបនាផ្លូវថ្នល់ បានផឹកស៊ីជាមួយគូកនពេញ១យប់ រហូតដល់ម៉ោងកើតហេតុ បុរសរូបនោះបម្រុងបើករថយន្តចេញពីកន្លែងផឹកស៊ី ប៉ុន្តែមាននារីម្នាក់ឃាត់នឹងបានដកសោររថយន្តទុក ព្រោះខ្លាចមានគ្រោះថ្នាក់។ គ្រាន់តែនារីម្នាក់នោះធ្វើដូច្នេះ លោកផ្កាយ២ ក្តៅចិត្ត ក៏ទាញបានកាំភ្លើងខ្លីម៉ាកឡុក បាញ់ជិត១០គ្រាប់ ដើម្បីយកហុងស៊ុយពេលព្រលឹម ផ្អើលអស់អ្នករស់នៅក្នុងក្រុងសែនមនោរម្យ។

ក្រោយកេតិហេតុ លោកកាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានដឹកនាំកម្លាំងចុះប្រតិបត្តិការឃាត់បុរសដែលអួតខ្លួនផ្កាយ២ បាញ់បោះសេរី រួចក៏ប្រគល់ឱ្យខាងកងរាជអាវុធហត្ថ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ចំណែកលោកហែម ប៊ុនណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឱ្យដឹងថា ជនបង្កខាងលើកំពុងត្រូវបានខាងជំនាញធ្វើការសាកសួរ៕

