Friday, November 14, 2025
Homeព័ត៌មានជាតិកម្មករនាំគ្នាជួយពន្លត់ទាន់... ជីវិតគាត់ឆ្លងផុតគ្រោះថ្នាក់ឬយ៉ាងណាទេ?

កម្មករនាំគ្នាជួយពន្លត់ទាន់… ជីវិតគាត់ឆ្លងផុតគ្រោះថ្នាក់ឬយ៉ាងណាទេ?

ខេត្តកំពង់ធំ ៖ បុរសម្នាក់កំពុងជក់បារីបណ្តើរ ផ្ទេរសាំងចូលប៊ីដុងបណ្តើរ ដោយខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យភ្លើងបារីឆាបឆេះសាំង រាលដល់ខ្លួនឯង បណ្តាលឱ្យឆេះយ៉ាងសន្ធោសន្ធេ មើលទៅសភាពគួរឱ្យអាណិតអាសូរបំផុត។ ហេតុការណ៍នេះបានកើតមានការផ្អើលឆោឡោឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចកសិដ្ឋានរបស់ក្រុមហ៊ុន ភឿកវ៉ា កំពង់ធំ អភិវឌ្ឍន៍កៅស៊ូ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក។

បុរសរងគ្រោះ មានឈ្មោះផេង ចាន់ អាយុ៣៦ឆ្នាំ មុខរបរកម្មករចៀរជ័រកៅស៊ូនៅក្នុងក្រុមហ៊ុនខាងលើ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីក្មេងស្រីឈ្មោះចាន់ ដាលី អាយុ១០ឆ្នាំ និងក្មេងស្រីឈ្មោះចាន់ ស្រីនិច អាយុ៨ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកគេឃើញឪពុកយកប៊ីដុងសាំងមកចាក់ផ្ទេរចូលទៅកាដុងចំណុះ៥លីត្រ ទាំងគាត់កំពុងកំពុងជក់បារី ធ្វើឱ្យមានភ្លើងឆាបឆេះ រួចក៏ឆេះទាំងឪពុករបស់ពួកនាងយ៉ាងសន្ធោសន្ធៅ ទើបធ្វើឱ្យពួកនាងជាកូនស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយតែម្តង។

តាមសម្តីនារីជាអ្នកជិតខាងម្នាក់ ឈ្មោះហ៊ន ស្រីណែត អាយុ២៥ឆ្នាំ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ នាងបានឮសូរសំឡេងកូនៗរបស់ជនរងគ្រោះស្រែកឱ្យជួយ ទើបនាងបានស្ទុះចេញមកពីក្នុងផ្ទះ ក៏ប្រទះឃើញភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅពេញខ្លួន ឃើញបែបនេះ នាងក៏បានស្រែកឆោឡោហៅកម្មករដែលកំពុងរៀន ជៀរជ័រកៅស៊ូ ស្ទុះមកជួយពន្លត់ភ្លើងយ៉ាងសស្រាក់សស្រាំ រហូតដល់រលត់។ ហើយជនរងគ្រោះដែលត្រូវភ្លើងឆេះពេញខ្លួនខ្លោចខ្មៅរោលនោះ បានដេកននៀលដីស្រែកហៅរកជំនួយ គួរឱ្យសង្វេគ។

ក្រោយកើតហេតុ ខាងក្រុមហ៊ុន បានយកឡានមកដឹកជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត ប៉ុន្តែមិនទាន់ដឹងថា វាសនាជនរងគ្រោះនឹងទៅជាយ៉ាងណានោះទេ ព្រោះមើលទៅសភាពជាក់ស្តែងហាក់ធ្ងន់ធ្ងរខ្លាំងណាស់។

ដោយឡែក បន្ទាប់ពីទទួលព័ត៌មានខាងលើ សមត្ថកិច្ងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងរដ្ឋអំណាចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ រួចបញ្ជាក់ថា នៅកន្លែងកើតហេតុមានប៊ីដុងចំនួន២ មួយចំណុះ៣០លីត្រ និងមួយទៀតចំណុះ៥លីត្រ ពណ៌ខៀវ មានស្នាមឆេះ នៅចំមុខផ្ទះជនរងគ្រោះ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះឈ្មោះផេង ចាន់ ពិតជាត្រូវភ្លើងឆេះដោយខ្លួនឯងប្រាកដមែន៕

RELATED ARTICLES