Friday, November 14, 2025
Homeព័ត៌មានជាតិតាអាចារ្យប្រកាសហៅកូនកំលោះក្រមុំកាត់សក់ ខ្យល់បក់រោងការ ផ្ងារជើងឡើងលើ

តាអាចារ្យប្រកាសហៅកូនកំលោះក្រមុំកាត់សក់ ខ្យល់បក់រោងការ ផ្ងារជើងឡើងលើ

ខេត្តពោធិ៍សាត់ ៖ ពិធីមង្គលការមួយបានប្រព្រឹត្តទៅយ៉ាងរលូនតាំងពីព្រឹកព្រលឹម លុះឈានចូលដល់កម្មវិធីកាត់សក់បង្កក់សេរី តាអាចារ្យកំពុងប្រកាសតាមមេក្រូហៅកូនកំលោះក្រមុំចូលមករៀបចំពិធី ស្រាប់តែកើតមានហេតុការណ៍ផ្អើលឆោឡោមួយឡើង ដោយមានបាតុភូតគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ើងរោងការប៉ះជើង ឡើងទៅទើរលើបង្គោលភ្លើង ធ្វើឱ្យព្រលឹងចុងសក់ទាំងភ្ញៀវទាំងម្ចាស់ដើមការ ពិសេសកូនកំលោះក្រមុំភិតភ័យរហូតចង់ខ្យល់គរ។

ហេតុការណ៍បាតុភូតធម្មជាតិវាយប្រហារពិធីមង្គលការខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង២និង៣០រសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ក្នុងភូមិស្វាយស ឃុំឈើតុំ ស្រុកក្រគរ។

ពិធីមង្គលការខាងលើ មានកូនកំលោះឈ្មោះហោ សារ៉ាត ចំណែកក្រមុំឈ្មោះសៀម ធារី ដោយគូស្វាមីភរិយាថ្មីថ្មោងនេះ រៀបនឹងអញ្ជើញភ្ញៀវមកពិសារអាហារ នៅថ្ងៃស្អែក (ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ពិធីមង្គលការរវាងកូនកំលោះក្រមុំខាងលើ បានប្រព្រឹត្តទៅយ៉ាងរលូន និងតាមលំដាប់លំដោយតាំងពីព្រឹកព្រលឹម រហូតដល់វេលាម៉ោងកើតហេតុខាងលើ ដែលត្រូវឈានចូលដល់កម្មវិធីកាត់សក់បង្កក់សីរី កូនកំលោះក្រមុំ ត្រូវបានក្រុមភ្នួងរៀបចំតុបតែងខ្លួនឱ្យរួចរាល់អស់ទៅហើយ ហើយភ្លាមនោះ លោកតាអាចារ្យបានចាប់កាន់ក្បាលមេក្រូប្រកាសហៅកូនកំលោះក្រមុំ ដើម្បីចេញមករៀបចំពិធីកាត់សក់បង្កក់សិរី ស្រាប់តែភ្លាមៗនោះ ផ្ទៃមេឃក៏ចាប់ផ្តើមមានពពកខ្មៅខ្មួលខ្មាញ់ រកកលនឹងធ្លាក់ភ្លៀង ព្រមទាំងលាយដំ ដោយខ្យល់កន្ត្រាក់ បក់បោកមកយ៉ាងខ្លាំង រហូតកួចដំបូលរោងការ ដែលកំពុងរៀបចំកម្មវិធីកាត់សក់ ធ្វើឱ្យប៉ើងទៅទាក់នឹងបង្គោលភ្លើងខូចខាតអស់តែម្តង ប៉ុន្តែសំណាងល្អ មិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ គ្រាន់តែធ្វើឱ្យទាំងភ្ញៀវ ទាំងម្ចាស់ដើមការ ភ័យប៉ះសក់គ្រប់គ្នា។

ក្រោយកើតហេតុ គេឃើញម្ចាស់ដើមការ បានហៅអ្នកសង់រោងឱ្យរៀបចំសារដើមឡើងវិញ។ គួរកត់សម្គាល់ថា នេះជាករណីទី១ហើយ ដែលខ្យល់បក់បោករោងការបែបនេះនៅក្នុងខេត្តពោធិ៍សាត់៕

RELATED ARTICLES