Friday, November 14, 2025
Homeព័ត៌មានជាតិពុទ្ធោ!!! ស្លាប់កូនស្រីដល់ទៅ២នាក់ ម្នាក់ទើបអាយុ៤ឆ្នាំ ម្នាក់ទៀតអាយ៥ឆ្នាំ

ពុទ្ធោ!!! ស្លាប់កូនស្រីដល់ទៅ២នាក់ ម្នាក់ទើបអាយុ៤ឆ្នាំ ម្នាក់ទៀតអាយ៥ឆ្នាំ

ខេត្តក្រចេះ ៖ ក្មេងស្រី២នាក់ បានបបួលគ្នាចុះទៅងូតទឹកអូរលេង ទាំងគ្មានចាស់ទុំណាម្នាក់បានដឹង និងប្រទះឃើញសោះ ទីបំផុត ក៏លង់ទឹកស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចអូរយាវ ស្ថិតក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ។

ក្មេងស្រីរងគ្រោះទាំង២នាក់ ដែលលង់ទឹកស្លាប់ រួមមាន ទី១-ឈ្មោះស៊ូ កញ្ញា អាយុ៥ឆ្នាំ និងទី២-ឈ្មោះរេម ចាន់រី អាយុ៤ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីឪពុកម្តាយក្មេងស្រីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីទាំង២នាក់ បាននាំគ្នាដើរលេងជាមួយគ្នាដូចសព្វដង លុះពេលដែលពួកគាត់ជាចាស់ៗកំពុងរវល់ភ្លេចខ្លួន ស្រាប់តែកូនៗបានបបួលគ្នាទៅងូតទឹកអូរ នៅចំណុចកើតហេតុខាងលើ បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ប្រភពដដែលបន្តថា ក្រោយមក ដោយសារតែបាត់កូនយូរពេក ទើបក្រុមគ្រួសារនឹកឆ្ងល់ ក៏នាំគ្នាដើរតាមរក លុះទៅដល់ចំណុចមាត់ទឹកអូរ ក៏ប្រទះឃើញស្បែកជើងនៅមាត់ទឹក លុះក្រឡេកមើលទៅក្នុងទឹក ក៏ប្រទះឃើញសពក្មេងស្រីរងគ្រោះទាំង២នាក់ អណ្តែតទឹកស្លាប់បាត់អស់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពក្មេងស្រីរងគ្រោះទាំង២នាក់រួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះទាំង២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។

សាកសពក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES