Friday, November 14, 2025
Homeព័ត៌មានជាតិកូនប្រុសផ្តាច់ថ្នាំញៀន៣ខែ ព្រោះម៉ែសំពះអង្វរ ប៉ុន្តែពេលនេះសមត្ថកិច្ចឃាត់ខ្លួនរឿងហិង្សា

កូនប្រុសផ្តាច់ថ្នាំញៀន៣ខែ ព្រោះម៉ែសំពះអង្វរ ប៉ុន្តែពេលនេះសមត្ថកិច្ចឃាត់ខ្លួនរឿងហិង្សា

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់យុវជនម្នាក់ និងនាំខ្លួនមកសាកសួរ ពាក់ព័ន្ធនឹងករណីអំពើហិង្សា ស្រាប់តែយុវជនរូបនេះបែរជាសារភាពថា រូបគេទើបនឹងផ្តាច់ថ្នាំញៀនរយៈពេល៣ខែប៉ុណ្ណោះ ដោយសារតែរូបគេអាណិតម្តាយ ចេះតែសំពះអង្វរខ្លាំងពេក ធ្វើឱ្យសមត្ថកិច្ចគ្រវីក្បាល ហួសចិត្តយ៉ាងខ្លាំង។ ករណីឃាត់ខ្លួនយុវជនខាងលើនេះ ធ្វើឡើងនៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

យុវជនដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឈុត សិដ្ឋ អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា យុវជនខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ រួមជាមួយបក្ខពួក២នាក់ទៀត ក្នុងរឿងបង្កជម្លោះហិង្សាវាយគ្នា កាលពីយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃទាវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពដដែលបន្តថា នៅអំឡុងពេលសួរចម្លើយ ជនសង្ស័យខាងលើ ក្រៅពីឆ្លើយសារភាពថា បានប្រើអំពើហិង្សាកាលពីយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ហើយនោះ នៅបានសារភាពផងដែរថា តាមពិតរូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀនជាច្រើនឆ្នាំមកហើយ តែពេលនេះរូបគេទើបនឹងផ្តាច់បាន៣ខែហើយ។ មូលហេតុដែលរូបគេព្រមផ្តាច់ថ្នាំញៀនដោយខ្លួនឯងនេះ គឺដោយសារតែរូបគេយល់មុខ និងអាណិតដល់ម្តាយបង្កើតរបស់គេ ដែលចេះតែតាមសំពះអ្វរសុំឱ្យរូបគេផ្តាច់ថ្នាំញៀនជារៀងរាល់ថ្ងៃ ទើបធ្វើឱ្យរូបគេទន់ចិត្តព្រមផ្តាច់ថ្នាំញៀនតែម្តង។

បច្ចុប្បន្នយុវជនខាងលើ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES