ភ្នំពេញ ៖ មន្ត្រីនគរបាលម្នាក់ បានបើករថយន្តថយចូលផ្ទះ ក៏ជ្រុលទៅប៉ះសួនបន្លែមន្ត្រីនគរបាលចរាចរណ៍ ធ្វើឱ្យមានការឈ្លោះប្រកែកគ្នា រហូតឈានដល់ការផ្ទុះអាវុធ១គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចខាងក្រោយវិទ្យាល័យជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យមានឈ្មោះយន់ ផល្លី ភេទប្រុស អាយុ៥៤ឆ្នាំ ជាមន្ត្រីប៉ូលិសស័ក្តិ៤កន្លះ នាយរងការិយាល័យបណ្តុះបណ្តាលខេត្តកណ្តាល មានលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះ មានឈ្មោះឈួង គឹមស៊ា ភេទប្រុស អាយុ៣៣ឆ្នាំ ជាប៉ូលិសផ្នែកចរាចរណ៍ជាប់កិច្ចសន្យារាជធានីភ្នំពេញ មានលំនៅទីតាំងកើតហេតុខាងលើ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានមកបើករថយន្ត១គ្រឿង ម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខនគរបាល ២-៤៨៨១ ដឹកអីវ៉ាន់ធ្វើផ្ទះនៅម្តុំកន្លែងកើតហេតុ ប៉ុន្តែខណៈបើកបរមិនប្រយ័ត្ន ពេលបើកថយក្រោយ ក៏ឡើងខឿនដំណាំបន្លែរបស់ជនរងគ្រោះ ពេលនោះជនរងគ្រោះក៏បានទៅគោះរថយន្តដើម្បីប្រាប់ ស្រាប់តែសង្ស័យចុះពីឡាន បង្ករឿងឈ្លោះគ្នាបែកផ្សែង រហូតឈានដល់មានការប្រតាយប្រតប់គ្នា បន្ទាប់មកជនសង្ស័យក៏បានដកកាំភ្លើងមិនស្គាល់ម៉ាក បាញ់ឡើងលើ១គ្រាប់ ដើម្បីគំរាមជនរងគ្រោះ ។

ប្រភពដដែលបន្តថា ក្រោយកេតិហេតុ ជនរងគ្រោះក៏បានទូរស័ព្ទទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យភ្លាមៗ យកទៅអធិការដ្ឋានខណ្ឌជ្រោយចង្វា។

បច្ចុប្បន្ន ជនសង្ស័យនិងជនរងគ្រោះ សមត្ថកិច្ចកំពុងតែធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌជ្រោយចង្វា៕

