ខេត្តព្រៃវែង ៖ បុរសម្នាក់បានផឹកស្រាស្រវឹងជោកជាំ ត្រឡប់មកដល់ផ្ទះវិញ ក៏ឈ្លោះគ្នាជាមួយប្រពន្ធតិចតួច ស្រាប់តែទាញកាំភ្លើងខ្លីកែច្នៃ មកបាញ់១គ្រាប់ ដើម្បីគំរាមប្រពន្ធរបស់ខ្លួន ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះចាប់វ៉ៃខ្នោះ នាំយកទៅចាត់ការតាមច្បាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិបឹងត្របរ ឃុំស្តៅកោង ស្រុកបាភ្នំ។

បុរសជាប្តីជើងខ្លាំង មានឈ្មោះយិន អៀង អាយុ៤៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គឺក្រោយចូលឆ្នាំ១ថ្ងៃ បុរសប្តីបានចេញទៅផឹកស្រាជាមួយមិត្តភក្តិនៅក្នុងភូមិតាំងពីព្រឹក រហូតដល់កណ្តាលយប់ ទើបត្រឡប់មកផ្ទះវិញ។ លុះពេលមកដល់ផ្ទះ ក៏កើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធតិចតួច ស្រាប់តែបុរសជាប្តីបានចូលទៅយកកាំភ្លើងខ្លីកែច្នៃ មកបាញ់១គ្រាប់ឡើងលើ ដើម្បីគំរាមទៅលើក្រុមគ្រួសាររបស់ខ្លួន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាប្តី និងដកហូតបានកាំភ្លើងខ្លី កែច្នៃ១ដើម នាំទៅប៉ុស្តិ៍នគរបាលស្តៅកោង ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕